ភ្នំពេញ, សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ នឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៤-២០ ខែកក្កដា ! នេះបើយោងតាមសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ១៤-២០ ខែកក្កដា ឆ្នាំ២០២១) របស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។
ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា, ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដានេះទៅ ប្រទេសកម្ពុជា បាននិងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ។ បន្តពីថ្ងៃទី១៥-២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ នឹងកេីតឡេីងសារជាថ្មីហេីយបង្កេីនឥទិ្ធពលរបស់ខ្លួនជាលំដាប់ ដោយអូសបន្លាយកាត់លេីព្រះរាជាណាចក្រកម្ពុជា គួបផ្សំនឹងខ្យល់មូសុងនិរតីក៏មានល្បឿនជាបង្គួរផងដែរ ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C – នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ក្នុងអំឡុងពេលជាមួយគ្នាផងដែរផ្នែកខ្លះនៃបណ្តាខេត្តមួយចំនួន ក៏នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្លាំង ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C – នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។
៣-តំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C – នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ទន្ទឹមនឹងនោះនៅលើផ្ទៃសមុទ្រក៏នឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់ ។ អាស្រ័យដូចបានជម្រាបជួនខាងលើ សូមសាធារណជនជ្រាបជាព័តីមាន ស្តីពីស្ថានភាពធាតុអាកាស ដោយបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ៕