លិខិតព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរនូវបញ្ហាអយុត្តិធម៌មួយចំនួនរបស់អាជ្ញាកណ្ដាល-ចៅក្រម ដោយសារការវិនិច្ឆ័យការប្រកួតមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) !

ចែករំលែក៖

ភ្នំពេញ, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយធ្វើការព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមិនអាចកែសម្រួល ឬកែទម្រង់បាន នូវបញ្ហាអយុត្តិធម៌មួយចំនួនរបស់អាជ្ញាកណ្ដាល-ចៅក្រម ដោយសារការវិនិច្ឆ័យការប្រកួតមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) មិនគោរពតាមបទបញ្ជាការប្រកួត គ្មានក្រមសីលធម៌ និងស្មារតីជាមន្ដ្រីយុត្តិធម៌កីឡា ធ្វើឲ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិ រហូតធ្វើឲ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្មជាញឹកញាប់ ជាច្រើនលើកច្រើនសារមកហើយ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមប្រកាសជាសាធារណៈចំពោះប្រតិកម្មរបស់មហាជន ក្នុងការវិនិច្ឆ័យការប្រកួត កីឡាប្រដាល់គុនខ្មែរ នាយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ វគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវ៉ាត់ និងរង្វាន់នៅសង្វៀន CBS (CNC) រវាង កីឡាករ ឃឹម បូរ៉ា និង កីឡាករ ម៉ឹន មេឃា ។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា យល់ឃើញថា,
១.អាជ្ញាកណ្តាល-ចៅក្រម ជាមន្ត្រីបច្ចេកទេសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានវិនិច្ឆ័យការប្រកួត ដោយមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ “Fair-Play” មិនគោរពតាមបទបញ្ជាការប្រកួត គ្មានក្រមសីលធម៌ និងស្មារតីជាមន្ត្រីយុត្តិធម៌កីឡា ធ្វើឱ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់ គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិ ។
២.កន្លងមកការប្រកួតលើសង្វៀនឯកជន ការវិនិច្ឆ័យលទ្ធផលការប្រកួតតែងតែមានបញ្ហាអយុត្តិធម៌ជាញឹកញាប់ ដែលសហព័ន្ធកីឡាគុនខ្មែរនៅតែមិនអាចកែសម្រួល ឬ កែទម្រង់បាន ធ្វើឱ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្ម ជាញឹកញាប់ ជាច្រើនលើកច្រើនសារ ។

៣.បើទោះបីការប្រកួតស្ថិតក្នុងក្របខណ្ឌអាជីវកម្ម មិនស្ថិតក្រោមការគ្រប់គ្រងរបស់ចលនាអូឡាំពិក ហើយការប្រកួតជាការដណ្តើមលាភសក្ការៈជាលុយ ផ្ទុយនឹងស្មារតី និងធម្មនុញ្ញអូឡាំពិក ប៉ុន្តែសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ស្ថិតក្រោមឆ័ត្រនៃលក្ខន្តិកៈ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។
អាស្រ័យហេតុនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមប្រកាសដាក់ការព្រមានលើកដំបូង ដល់សហព័ន្ធកីឡា ប្រដាល់គុនខ្មែរឱ្យធ្វើការកែទម្រង់ និងដាក់ចេញនូវបទប្បញ្ញត្តិ ដោយដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាកណ្ដាល-ចៅក្រមឱ្យ គោរពស្មារតីកីឡា គោរពបទបញ្ជាការប្រកួត គោរពគោលការណ៍ “Falr-Flay និងគោរពក្រមសីលធម៌កីឡា ដោយមិនអាច រំលោភបាន ។ ប្រសិនបើមានបញ្ហាដដែលកើតឡើងទៀត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងប្រើសិទ្ធិដាក់ព្យួរសមាជិកភាព ដែលជាផលវិបាករបស់សហព័ន្ធមិនអាចចូលរួមប្រកួតជាអន្តរជាតិ និងរៀបចំការប្រកួតជាអន្តរជាតិផ្លូវការបាន ហើយក៏មិនអាច ចូលរួមប្រកួតកីឡា SEA Games រួមទាំង SEA Games នៅកម្ពុជាផងដែរ ។

សេចក្តីប្រកាសនេះ ក៏ត្រូវអនុវត្តសម្រាប់គ្រប់សហព័ន្ធកីឡាជាតិ ជាសមាជិកគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។
សូមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ទទួលអនុវត្តតាមការគួរ។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានបញ្ចេញប្រតិកម្មក្នុងរឿងនេះ ក្នុងនាមជាពលរដ្ឋម្នាក់ស្រឡាញ់វិស័យកីឡា សូមអោយអាជ្ញាកណ្ដាលមានយុត្តិធម៌ក្នុងខ្លួនផងដែរ ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print