ក្នុងពេលកំពុងត្រៀមលក្ខណៈដង្ហែក្បួនព្យុហយាត្រា ទាហានម្នាក់បានលុតជង្គង់សុំមិត្តស្រីរៀបការ នៅមហាវិថី Champs-Élysées ក្នុងរដ្ឋធានីប៉ារីស នាថ្ងៃឯករាជ្យ១៤ខែកក្កដា នៅចំពោះមុខទាហាននិងពលរដ្ឋជាច្រើន។
ឃ្លីបវីដេអូស្តីពីការសុំរៀបការរបស់ទាហានបារាំងខាងលើ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តាមរូបភាពទាហាន«ស្មោះស្នេហ៍»រូបនោះបានលុតជង្គង់សុំរៀបការ បានបង្កភាពភ្ញាក់ផ្អើលដល់មិត្តស្រី និងមនុស្សជាច្រើននៅទីនោះ។ ភ្លាមៗនោះមិត្តស្រីក៏បានយល់ព្រម ហើយអ្នកទាំងពីរក៏បានថើបគ្នាយ៉ាងមានសេចក្តីសុខនៅមុខមនុស្សរាប់ពាន់នាក់ ។
នៅលើបណ្តាញសង្គមTwitter មានការជូនពរជាច្រើនដល់គូស្នេហ៍វ័យក្មេងដែលបានរកឃើញចំណែកមួយនៃជីវិតរបស់ខ្លួនក្នុងថ្ងៃឯករាជ្យជាតិ។
អ្នកនាំពាក្យកម្លាំងទាហានបារាំង បានឱ្យដឹងថា ស្ត្រីជាមិត្តស្រីរបស់ទាហានទទួលបានការអនុញ្ញាតឲ្យឆ្លងរបងការពារសន្តិសុខ ចូលទៅកាន់មហាវិថីដែលត្រៀមដង្ហែក្បួនព្យុហយាត្រា ដើម្បីសុំរៀបការ ។ ការអនុញ្ញាតឲ្យចូលដោយសារតែថ្នាក់លើបានដឹងពីគម្រោងខាងលើរបស់ទាហានវ័យក្មេង។
ពិធីដង្ហែក្បួនព្យុហយាត្រាឆ្នាំនេះធ្វើឡើងទ្រង់ទ្រាយតូច ដោយមានមនុស្សតែ១០ពាន់នាក់ប៉ុណ្ណោះអនុញ្ញាតឲ្យចូលទៅទស្សនាលើវេទិកា ដែលពីមុនមានដល់ទៅ២៥០ពាន់នាក់ ។ អ្នកដែលចូលរួមត្រូវពាក់ម៉ាស់ និងបង្ហាញលិខិតបញ្ជាក់១ក្នុងចំណោម៣ មានលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងរួចរាល់ លិខិតបញ្ជាក់ថាបានព្យាបាលកូវីដ-១៩ជាសះស្បើយ និងលិខិតធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ។
ពិធីដង្ហែក្បួនបានការចូលរួមពីកម្លាំងទាហានរាប់ពាន់នាក់ និងយន្តហោះចម្បាំង៧៣គ្រឿង ឧទ្ធម្ភាគចក្រពេទ្យ និងយន្តហោះជាច្រើនគ្រឿងទៀតហោះហើរលើអាកាសនៃមហាវិថី Champs-Élysées ៕ដោយ៖ធីរីណា
https://youtu.be/R7i9W_C0JPY
ក្បួនដង្ហែរទិវាជាតិបារាំងនៅChamps-Élysées។
រូបថត៖ AP