ខេត្តកំពង់ធំ, រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត រហ័ស(Rapid Antigen Test) នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៦២នាក់ ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលខេត្តនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីយកមកធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគ កូវីដ១៩ ឲ្យបានឆាប់បំផុត។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវ ដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ទំនាក់ទំនងទៅអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅកៀកបំផុតដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ។
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះដែរ ដោយបានទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ អ្នកជំងឺកូវីដ១៩ , ចំនួន ២៨នាក់ ស្រី ១៤នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ ដោយត្រូវបន្តធ្វើ ចត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ ។ ដោយឡែក ដោយសារស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរ អ្នកជំងឺកូវីដ១៩ ចំនួន ០១នាក់(ប្រុស) បានទទួលមរណភាព។
គិតមកដល់ថ្ងៃនេះ ខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ១.៣៣៨នាក់ ស្រី ៧៦៨នាក់ ក្នុងនោះបានជាសះស្បើយចំនួន ៧៩៥នាក់ ស្រី ៤៥០នាក់ ស្លាប់ចំនួន ១០នាក់ ស្រី ១៣នាក់ និងកំពុងសម្រាក ព្យាបាលចំនួន ៥២២នាក់ ស្រី ៣០៥នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារ ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
ដោយ៖ សិលា