ខេត្តតាកែវ, យោងតាមផេកផ្លូវការ របស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញនេះ លោកឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យយោធភូមិភាគពិសេស ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Sinovac)ដូសទី២ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត និងជនបរទេស ទាំង៨ ឃុំ ក្នុងភូមិសាស្រ្ត ស្រុកបាទី ខេត្តតាកែវដែលមានក្នុងផែនការ ចំនួន៤១,៥៦៨នាក់។
ក្រុមការងារ យោធភូមិភាគពិសេសបានបែងចែកជា ៤គោលដៅ៖ គោលដៅទី១ ទីតាំងវត្តសិរីជោតវ័ន មានប្រជាពលរដ្ឋមកពីឃុំចំនួន២ គឺឃុំត្រពាំងសាប និងឃុំលំពង់ គោលដៅទី២ នៅទីតាំងវត្តសុភី ស្ថិតក្នុង ឃុំកណ្ដឹង។ គោលដៅទី៣ នៅទីតាំងសាលាបឋមសិក្សា សុខ អាន ពត់សរ និងគោលដៅទី៤ ក្នុងបរិវេណ វត្តអង្គសិង្ហ ដែលមានប្រជាពលរដ្ឋមកពីឃុំចំនួន៣ គឺ ឃុំចំបក់-ឃុំត្នោត-ឃុំត្រពាំងក្រសាំង។
លោក មេបញ្ជាការ យោធភូមិភាគពិសេស បានណែនាំក្រុមប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរៀបចំរក្សាគម្លាតសុវត្ថិភាពដើម្បីការពារខ្លួន និងត្រូវ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋទូទៅចាប់ពីអាយុ១៨ឆ្នាំឡើង ឱ្យបានទាន់ពេលវេលា។ ក្នុងនោះដែរ ឯកឧត្តម ក៏បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល គឺវិធានការ ៣កុំ ៣ ការពារ ឲ្យបានជាដាច់ខាតទោះបីបានទទួលវ៉ាក់សាំងទាំង២ដូសហើយក៏ដោយ៕
ដោយ, សិលា