ប្រទេសវៀតណាម, ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម សូមជូនដំណឹងដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាមជ្រាបថា ជនជាតិវៀតណាម និងជនបរទេស អាចចុះឈ្មោះតាមអនឡាញ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំវៀតណាម មានកិត្តិយសសូមជម្រាបជូន និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅវៀតណាម មេត្តាជ្រាបថា៖ ជនជាតិវៀតណាម និងជនបរទេស អាចចុះឈ្មោះតាមអនឡាញ ដើម្បីចាក់វ៉ាក់សាំងបង្ការជម្ងឺឆ្លងកូវីដ-១៩។ អ្នកមាន អាយុចាប់ពី១៨ឆ្នាំឡើង អាចចុះឈ្មោះត្រៀមចាក់វ៉ាក់សាំងតាមជំរើសណាមួយដូចខាងក្រោម៖
– ជំរើសទី១៖ តាមរយៈគេហទំព័រ៖ https://tiemchungcovid19.gov.vn/portal/register-person
– ជំរើសទី២៖ តាមកម្មវិធី E-health app សម្រាប់ទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ Android និង iOS អាចទាញយកបានតាម៖ https://hssk.kcb.vn/#/sskdt។ ដើម្បីប្រើកម្មវិធី app នេះ គេត្រូវ ចុះឈ្មោះជាមួយលេខទូរស័ព្ទ។ បន្ទាប់ពីការផ្ទៀងផ្ទាត់ព័ត៌មាន អ្នកប្រើប្រាស់នឹងទទួលបានការណែនាំ សម្រាប់ការចុះឈ្មោះចាក់វ៉ាក់សាំង។ ប៉ុន្មានសប្ដាហ៍ខាងមុខនេះ គេហទំព័រ និងកម្មវិធី E-health app នឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាភាសាអង់គ្លេស។ គ្រប់អ្នកប្រើប្រាស់ម្នាក់ៗនឹងមានលេខកូដ QR នៅលើ កម្មវិធីកត់ត្រាទុក E-health app។ នៅពេលបានទទួលការចាក់វ៉ាក់សាំងលើកដំបូង កូដ QR នឹងប្រែជា ពណ៌លឿង ហើយនឹងប្រែជាពណ៌បៃតង បន្ទាប់ពីបានចាក់លើកទី២។ QR កូដ នៅលើApp នឹងអាចបើ ដើម្បីបញ្ជាក់អំពីការចាក់វ៉ាក់សាំង នៅពេលធ្វើដំណើរក្នុងវៀតណាម និងឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ។ QR កូដ នឹងត្រូវយកធ្វើជាមូលដ្ឋានសម្រាប់បង្កើតលិខិតឆ្លងដែនវ៉ាក់សាំងនាអនាគត។
ព័ត៌មានខាងលើដកស្រង់ពី Viet Nam News ចេញផ្សាយថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ អាស្រ័យដូចបានជម្រាបជូន សូមនិស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាន នៅវៀតណាម មេត្តាជ្រាបជាព័ត៌មាន។
ឆ្លៀតឱកាសនេះ ស្ថានទូតសូមរំលឹកដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ មានវត្តមាន នៅវៀតណាម សូមមេត្តាបន្តថែរក្សាសុខភាពឲ្យបានល្អ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស រក្សាអនាម័យ និងអនុវត្តតាមវិធានការសុខាភិបាល សំដៅការពារ កុំឲ្យឆ្លងជម្ងឺកូវីដ-១៩៕
ដោយ, សិលា