អភិបាលខេត្តពោធិ៍សាត់ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងសម្រាប់វគ្គទី៣ ដូសទី១ ជូនដល់ប្រជាពលរដ្ឋប្រឈមខ្លាំងក្នុងខេត្ត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងតាមពប្រភពពីរដ្ឋបាលខេត្តពោធិ៍សាត់បានបញ្ជាក់ឱ្យដឹងថា លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌខេត្តពោធិ៍សាត់នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះបានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំង សម្រាប់វគ្គទី៣ ដូសទី១ ជូនដល់ប្រជាពលរដ្ឋតាមបណ្តាគោលដៅប្រឈមខ្លាំងដែលអាជ្ញាធរបានកំណត់ក្នុងភូមិសាស្រ្តក្រុងពោធិ៍សាត់ និងស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងនីមួយៗ លោក ម៉ៅ ធនិន បានឱ្យដឹងថា វ៉ាក់សាំងដែលចាក់ជូនប្រជាពលរដ្ឋនាពេលនេះ គឺមានចំនួនកំណត់ ពោលគឺសម្រាប់ចាក់តែប្រជាពលរដ្ឋដែលជាក្រុមគោលដៅប្រឈមខ្លាំង និងបន្តឈានដល់ការចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់គ្នា ក្នុងពេលខាងមុខ។ លោកបានបន្តថា ទាំងនេះគឺជាការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញនូវវិធានការសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នានៅទូទាំងប្រទេស។
លោក ម៉ៅ ធនិន បានថ្លែងបន្ថែមថា វ៉ាក់សាំង១ គឺជាជីវិត១ ដូច្នេះហើយលោកបានដាក់ចេញនូវផែនការលម្អិត ដោយចាត់ក្រុមការងារយុវជន ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដីដើម្បីចាត់ចែងទទួលរៀបចំកិច្ចការនេះឱ្យមានសណ្តាប់ធ្នាប់ ស្របតាមវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ និងអាចជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុងខ្លួនប្រជាពលរដ្ឋបានឆាប់រហ័ស។
សូមជម្រាបជូនថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់ បានចាប់ដំណើរការចាក់វ៉ាក់សាំង (Sinopharm និងSinovac) របស់ប្រទេសចិនចំនួន៣វគ្គរួចមកហើយ ដែលវគ្គទី១ ចំនួន២៤,៨០០ដូស ស្មើនឹង១២,៤០០នាក់, វគ្គទី២ចំនួន៦
ម៉ឺនដូស ស្មើនឹង៣ម៉ឺននាក់ និងវគ្គទី៣នេះចំនួន១២ម៉ឺនដូស ស្មើនឹង៦ម៉ឺននាក់ ជូនប្រជាពលរដ្ឋតាមបណ្តាគោលដៅប្រឈមខ្លាំង តាមបណ្តាស្រុកក្រុងទាំង៧ក្នុងខេត្តពោធិ៍សាត់៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print