លោករដ្ឋមន្ត្រី វេង សាខុន បន្តបង្ហាញពី វឌ្ឍនភាពនៃការសម្រេចបានសំខាន់ៗ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម គិតមកទល់ខែកក្កដា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, លោករដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ វេង សាខុន នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បន្តបង្ហាញពី វឌ្ឍនភាពនៃការសម្រេចបានសំខាន់ៗ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម គិតមកទល់ខែ កក្កដា ឆ្នាំ២០២១។ ក្នុងនោះលោករដ្ឋមន្ត្រីបញ្ជាក់ថា,

១. ការងារសិក្សា
ក្នុងឆ្នាំសិក្សា ២០២០-២០២១ នេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម មាននិស្សិតសរុបកំពុងសិក្សា ចំនួន៣៦៣៣ នាក់ (នារី ១៤២៣ នាក់) ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញារងចំនួន ៧៧ នាក់ (នារី ២៨ នាក់) ថ្នាក់បរិញ្ញាចំនួន ៣៣៥២ នាក់ (នារី ១៣៣៥ នាក់) បសុវេជ្ជបណ្ឌិតចំនួន ៥៥ នាក់ (នារី ១៧ នាក់) ថ្នាក់បរិញ្ញាជាន់ខ្ពស់ចំនួន ១១៨ នាក់ (នារី ៣៨ នាក់) និងថ្នាក់បណ្ឌិតចំនួន ៣១ នាក់ (នារី ៥ នាក់)។

ដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរក្សាឱ្យបាននូវគោលការណ៍សុវត្ថិភាព SOP របស់រាជរដ្ឋាភិបាលកម្ពុជា នោះសាកលវិទ្យាល័យបានអនុវត្តន៍ការរៀន និងការបង្រៀនតាមរយៈប្រព័ន្ធអនទ្បាញទាំងស្រុង។ ចំពោះការងារអនុវត្តន៍ជាក់ស្តែងក្នុងមន្ទីរពិសោធន៍ គ្លីនិកសត្វ កសិដ្ឋានចិញ្ចឹមសត្វ និងកសិដ្ឋានវារីវប្បកម្ម សាកលវិទ្យាល័យបានអនុញ្ញាតដល់សាស្រ្តាចារ្យ និងនិស្សិតចូលរួមក្នុងទ្រង់ទ្រាយតូចបំផុត តាមដែលអាចធ្វើបាន។

២. កម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល
ចាប់ពីការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យភូមិន្ទកសិកម្ម និង ក្រុមហ៊ុនAgrostudies នៃប្រទេសអ៊ីស្រាអែល នាឆ្នាំ២០០៨ រួចមក សាកលវិទ្យាល័យបានបញ្ជូននិស្សិតចូលរួមកម្មវិធីហាត់ការ (Internship) នៅប្រទេសអ៊ីស្រាអែលរយៈពេល១១ខែ បានចំនួន១៣ជំនាន់រួចមកហើយ ដែលមាននិស្សិតសរុបចំនួន ១ ២៧១ នាក់ បានចូលរួមកម្មវិធី តាមឆ្នាំនិមួយៗដូចខាងក្រោម៖
– ជំនាន់ទី០១ (២០០៨-២០០៩) មានចំនួន ០៨ នាក់
– ជំនាន់ទី០២ (២០០៩-២០១០) មានចំនួន ១០ នាក់
– ជំនាន់ទី០៣ (២០១០-២០១១) មានចំនួន ៣០ នាក់
– ជំនាន់ទី០៤ (២០១១-២០១២) មានចំនួន ២៨ នាក់
– ជំនាន់ទី០៥ (២០១២-២០១៣) មានចំនួន ២៨ នាក់
– ជំនាន់ទី០៦ (២០១៣-២០១៤) មានចំនួន ៤០ នាក់
– ជំនាន់ទី០៧ (២០១៤-២០១៥) មានចំនួន ៦០ នាក់
– ជំនាន់ទី០៨ (២០១៥-២០១៦) មានចំនួន ១០២ នាក់
– ជំនាន់ទី០៩ (២០១៦-២០១៧) មានចំនួន ១៦០ នាក់
– ជំនាន់ទី១០ (២០១៧-២០១៨) មានចំនួន ២១២ នាក់
– ជំនាន់ទី១១ (២០១៨-២០១៩) មានចំនួន ២១០ នាក់
– ជំនាន់ទី១២ (២០១៩-២០២០) មានចំនូន ១៨៤ នាក់
– ជំនាន់ទី១៣ (២០២០-២០២១) មានចំនួន ១៩៩ នាក់

ដោយទ្បែកនិស្សិតចំនួន ១៩៩ នាក់ក្នុងជំនាន់ទី១៣ បាននិងកំពុងមានវត្តមាននៅក្នុងសាកលវិទ្យាល័យ និង តាមកសិដ្ឋាននានាក្នុងប្រទេសអ៊ីស្រាអែលនៅទ្បើយ ហើយដែលគ្រោងនឹងបញ្ចប់កម្មវិធីសិក្សារបស់ខ្លួន នៅក្នុងកំទ្បុងខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ។ ចំពោះជំនាន់ទី១៤ សាកលវិទ្យាល័យបាននិងកំពុងដំណើរការជ្រើសរើសនិស្សិត (ចំនួនប្រមាណ២០០នាក់) ហើយគ្រោងនឹងចេញដំណើរទៅចូលរួមកម្មវិធីហាត់ការនៅក្នុងខែ កញ្ញា និង តុលា ឆ្នាំ២០២១ ខាងមុននេះ។

៣. ស្ថិតិនិស្សិតបញ្ចប់ការសិក្សា និង ការងាររបស់និស្សិតក្រោយបញ្ចប់ការសិក្សា
ចាប់តាំងពីការបើកទ្វារទ្បើងវិញនាឆ្នាំ ១៩៨៥ រហូតមកដល់ឆ្នាំ ២០២០ នេះ សាកលវិទ្យាល័យភូមិន្ទកសិកម្ម បណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រទទួលជោគជ័យ បានចំនួន ១០ ៨៤៣ នាក់ ក្នុងនោះមានស្រី ២ ៥៥៤ នាក់ ។

ស្ថានភាពការងាររបស់និស្សិតក្រោយបញ្ចប់ការសិក្សា ក្នុងឆ្នាំ២០២១នេះ មហាវិទ្យាល័យចំនួន៦បានធ្វើការសិក្សា ពីស្ថានភាពនៃការរកការងារធ្វើបាន (Tracer Study) របស់និស្សិតដែលបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យរបស់ខ្លួន ចំនួនពីរក្រុម គឺក្រុមបញ្ចប់ការសិក្សាមុនឆ្នាំ២០២០ និងក្នុងឆ្នាំ២០២០។ តាមលទ្ធផលនៃការសិក្សាបានបង្ហាញថា ជារួមនិស្សិតបញ្ចប់ការ សិក្សាពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ២៦,២ ភាគរយបានចូលបម្រើការងារក្នុងស្ថាប័នរាជរដ្ឋា ភិបាល ៤៨,៧ ភាគរយបម្រើការងារក្នុងក្រុមហ៊ុនឯកជន ៧,៧ ភាគរយបម្រើក្នុងអង្គការក្រៅរាជរដ្ឋាភិបាល ៧,៤ ភាគរយបានប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ១,៧៨ ភាគរយបំពេញការងារក្នុងកសិដ្ឋានចិញ្ចឹមសត្វ ៣,៤២ ភាគរយបានបំពេញការងារក្នុងគ្លីនិកសត្វ និង ៤,៨ ភាគរយបំពេញការងារផ្សេងៗ។ ដោយទ្បែក បើប្រៀបធៀបរវាងឆ្នាំបញ្ចប់ការសិក្សាឃើញថា និស្សិតបញ្ចប់ការសិក្សាមុនឆ្នាំ២០២០ បានចូលបំរើការងារក្នុងស្ថាប័នរាជរដ្ឋាភិបាលបានចំនួន២៩,៧ភាគរយ ច្រើនជាងនិស្សិតបញ្ចប់ការសិក្សាក្នុងឆ្នាំ២០២០ ដែលមានត្រឹមតែ២២,៨ភាគរយប៉ុណ្ណោះ។

៤. ការអនុវត្តគម្រោងសិក្សាពិសោធន៍ស្រាវជ្រាវផ្សេងៗ

ដើម្បីពង្រឹងសមត្ថភាពបណ្តុះបណ្តាលនិស្សិត ឱ្យកាន់តែមានគុណភាពខ្ពស់ សាកលវិទ្យាល័យបានលើកទឹកចិត្តឱ្សសាស្រ្តាចារ្យស្វែងរកថវិកាពីប្រភពផ្សេងៗ ជាពិសេសសហការជាមួយសាកលវិទ្យាល័យដៃគូនានា ដើម្បីធ្វើគម្រោងសិក្សាពិសោធន៍ស្រាវជ្រាវ និង អនុវត្តន៍ជាក់ស្តែង ដើម្បីបានចំណេះដឹងសម្រាប់កែលម្អមេរៀន បានទីកន្លែងសម្រាប់បង្រៀននិងអនុវត្តន៍ជាក់ស្តែងដល់និស្សិត ក៏ដូចជាបានបង្កើនសមត្ថភាពរបស់សាស្រ្តាចារ្យខ្លួនឯងផងដែរ។ បច្ចុប្បន្ននេះសាកលវិទ្យាល័យភូមិន្ទកសិកម្ម បាននិងកំពុងអនុវត្តន៍គម្រោងសិក្សាពិសោធន៍ស្រាវជ្រាវតូចៗ ចំនួន ៤៦ គម្រោង ដែលក្នុងនោះ ១៧គម្រោងជាគម្រោងសហការជាមួយដៃគូអន្តរជាតិ (ប្រភពថវិកា ៖ រដ្ឋាភិបាលអាល្លឺម៉ង់-BMZ, ទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ-USAID, មូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍កសិកម្ម-IFAD, រដ្ឋាភិបាលស្វីស, អង្គការ KOPIA នៃសាធារណរដ្ឋកូរ៉េ, វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍អន្តរជាតិបារាំង-IRD, ទីភ្នាក់ងារសហប្រតិ-បត្តិការអន្តរជាតិជប៉ុន-JICA, សកលវិទ្យាល័យស្រ្តី ដុកស៊ុង សាធារណរដ្ឋកូរ៉េ-Duksung Women University, អង្គការ SEAOHUN) ២២គម្រោងជាគម្រោងទទួលថវិកាពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ៧គម្រោងទៀតបានទទួលថវិកាពីគម្រោងកែលម្អការអប់រំឧត្តមសិក្សា HEIP តាមរយៈក្រសួងអប់រំ យុវជន និងកីទ្បា។
៥. ការងារផ្សព្វផ្សាយបច្ចេកទេសកសិកម្ម

សាកលវិទ្យាល័យភូមិន្ទកសិកម្មបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីសហការអនុវត្តន៍គម្រោងគាំទ្រការងារជំរុញចលនាភូមិមួយផលិតផលមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។

សាកលវិទ្យាល័យភូមិន្ទកសិកម្មបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការកែច្នៃផលិតផលផ្លែស្វាយ (ស្រាស្វាយនិងទឹកខ្មេះស្វាយ) នៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ បានផ្សព្វផ្សាយបច្ចេកទេសដំណាំផ្សិតចំបើង តាមប្រព័ន្ធថ្មី ដែលមានគុណភាពនិងផលិតភាពខ្ពស់ ដល់កសិករនៅខេត្តកំពត និង ខេត្តកំពង់ឆ្នាំ។ សាកលវិទ្យាល័យភូមិន្ទកសិកម្ម ក៏មានកម្មវិធីពិសេសក្នុងការជួយផ្តល់បច្ចេកទេសកសិកម្ម ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមវិទ្យាល័យចំណេះទូទៅ ដើម្បីជួយបង្កើនសមត្ថភាពកម្មវិធីបំណិនជីវិត របស់វិទ្យាល័យចំណេះទូទៅផងដែរ។ ក្រៅពីនេះនៅមានការផ្សព្វផ្សាយ និង ផ្ទេរចំណេះដឹង ដែលទទួលបានពីការអនុវត្តន៍របស់គម្រោងនិមួយៗ ជូនដល់អ្នកពាក់ព័ន្ធផ្សេងៗ តាមតម្រូវការជាក់ស្តែង។

៦. ការងារកំណែទម្រង់ផ្ទៃក្នុងរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម
ក. ការធ្វើឱ្យប្រសើរទ្បើងនូវសមត្ថភាពរបស់សាកលវិទ្យាល័យ
 បានបញ្ចប់ការកសាងយុទ្ធសាស្រ្ត១០ឆ្នាំ (២០២១-២០៣០) របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំងបានទទួលស្គាល់ និងអនុញ្ញាតដាក់ឱ្យអនុវត្តន៍ជាផ្លូវការ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីចុងខែ មីនា ឆ្នាំ២០២១
 បានបង្កើតប្រព័ន្ធកម្មវិធីគ្រប់គ្រងទិន្នន័យនិស្សិត គ្រូបង្រៀន និងបុគ្គលិក សម្រាប់សាកលវិទ្យាល័យភូមិន្ទកសិកម្មទាំងមូល
 បានបញ្ចប់ការសិក្សា (Tracer studies) ស្ថានភាពរបស់និស្សិតក្រោយបញ្ចប់ការសិក្សា ពីមហាវិទ្យាល័យចំនួន៦ គឺ មហាវិទ្យាល័យកសិឧស្សាហកម្ម វេជ្ជសាស្រ្តសត្វ វិស្វកម្មកសិកម្ម ជលផល សេដ្ឋកិច្ចកសិកម្មនិងអភិវដ្ឍន៍ជនបទ និង មហាវិទ្យាល័យរៀបចំដែនដីនិងរដ្ឋបាលដីធ្លី
 បានបញ្ចប់ការសិក្សាអំពីសំណើ និងសំណូមពរផ្សេងៗរបស់និស្សិត ក្នុងការរួមចំណែកកែលម្អនិងពង្រឹងសមត្ថភាពសាកលវិទ្យាល័យភូមិន្ទកសិកម្ម (student grievances)
 បានបញ្ចប់របាយការណ៍សិក្សាអំពី ការពង្រឹងគុណភាពផ្ទៃក្នុង (Internal Quality Assurant-IQA)និង បានត្រៀមលក្ខណៈសម្រាប់រៀបចំសៀវភៅណែនាំសម្រាប់ការធានាគុណភាពអប់រំផ្ទៃក្នុង IQA
 បានបញ្ចប់របាយការណ៍សិក្សាស្តីអំពី ការធ្វើរបាយការណ៍ហិរញ្ញវត្ថុគ្រប់ប្រភព រួមបញ្ចូលគ្នា (Financial Consolidate report) និង បានត្រៀមលក្ខណៈរៀបចំសៀវភៅណែនាំសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុរួម របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម
 បាននិងកំពុង រៀបចំការអនុវត្តកិច្ចព្រមព្រៀងលទ្ធផលការងារប្រចាំឆ្នាំ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្មទាំងមូល និង ការរៀបចំចងក្រងសៀវភៅណែនាំអំពីការគ្រប់គ្រងបុគ្គលិក HRM ។

ខ. កិច្ចសហប្រតិបត្តិការភាពជាដៃគូ (Partnership Agreement)
 សាកលវិទ្យាល័យបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូ ជាមួយអន្តរជាតិ បានចំនួន៥អង្គភាព៖ សាកលវិទ្យាល័យហ្វីលីពីន ទ្បូសបានណូស (UPLB), អង្គការ SEARCA នៅហ្វីលីពីន, សាកលវិទ្យាល័យ កាសេតសាត (Kasetsart University) ប្រទេសថៃ, សាកលវិទ្យាល័យ ក្យូតុ ប្រទេសជប៉ុន (Kyoto University), និងសាកលវិទ្យាល័យរដ្ឋកាន់សាស់ សហរដ្ឋអាមេរិក ( Kansas State University) សហរដ្ឋអាមេរិក។
 សាកលវិទ្យាល័យបានចុះកិច្ចព្រមព្រៀងដៃគូសហការក្នុងប្រទេស ជាមួយសាកលវិទ្យាល័យស្វាយរៀង ក្នុងការផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សកម្រិតថ្នាក់បរិញ្ញាជាន់ខ្ពស់និងបណ្ឌិត និង ជាមួយវិទ្យាល័យចំណេះទូទៅ ចំនួន៣៨សាលា ក្នុងការផ្ទេរចំណេះដឹងបច្ចេកទេសជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ផ្នែកបំណិតជីវិតកសិកម្ម ។

គ. ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសិក្សា
 បាននិងកំពុងសហការជាមួយក្រុមហ៊ុនគូប្លង់ ធ្វើការសិក្សានិងគូសប្លង់សំណង់ អគារសិក្សាធំមួយខ្នង អគារអន្តេវាសិកដ្ឋានបុរសមួយខ្នង នារីមួយខ្នង និង អាគារបណ្តុះធុរកិច្ចកសិកម្មនិងអាហារចំនួនមួយខ្នង
 បាននិងកំពុងធ្វើទំនើបកម្មមន្ទីរពិសោធន៍ និង គ្លីនិកសត្វ ដោយជួសជុលបន្ទប់ និង បំពាក់សម្ភារៈពិសោធន៍ថ្មីៗបន្ថែមទៀត ដល់មន្ទីរពិសោធន៍ដែលមានស្រាប់ ចំនួន៦កន្លែង។

លោករដ្ឋមន្ត្រីសូមបញ្ជាក់ថា, ៖ ប្រសិនជាសាធារណជនចង់បានព័ត៌មានបន្ថែមចូរធ្វើទំនាក់ទំនងជាមួយ ឯកឧត្តម ង៉ោ ប៊ុនថាន សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម តាមរយៈលេខតេលេក្រាមនិងទូរស័ព្ទលេខ ០១២ ៩២៩៨៨៨ ៕

...

ដោយ ,សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print