ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅថ្ងៃសុក្រទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ថា៖ សូមថ្លែងអំណរគុណ និងគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាល តាមរយៈការប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីការរៀបចំការចាក់វ៉ាក់សាំងកូវីដ ១៩ ដល់កុមារ និងយុវជន អាយុ១២ ដល់ ១៧ឆ្នាំ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនាពេលខាងមុខដ៏ខ្លីនេះ។ យុទ្ធសាស្រ្ត និងវិធានការដែលបានដាក់ចេញជាបន្តបន្ទាប់ គឺបានឆ្លុះបញ្ចាំងពីសមត្ថភាព ការទទួលខុសត្រូវ ក៏ដូចជាការវាយតម្លៃបានយ៉ាងត្រឹមត្រូវ និងហ្មត់ចត់ចំពោះស្ថានភាពរបស់កម្ពុជា លើគ្រប់ទិដ្ឋភាព មិនថាតែលើទិដ្ឋភាពសុខភាពសាធារណៈ សង្គម សេដ្ឋកិច្ច ឬនយោបាយនោះឡើយ។
ការពង្រីកវិសាលភាពនៃការចាក់វ៉ាក់សាំងដល់កុមារ និងយុវជននេះ មិនត្រឹមតែអាចចលនាឲ្យចរន្តសង្គម និងសេដ្ឋកិច្ចមានការរស់រវ៉ើកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែជាការយកចិត្តទុកដាក់ជាពិសេសទៅដល់សុខមាលភាពរបស់កុមារ និងយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី សម្រាប់សង្គមជាតិ។ ជាមួយគ្នានេះ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលនេះ ក៏នឹងអាចបង្ករលទ្ធភាពឲ្យមានការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាពផងដែរ។
គួរបញ្ជាក់ថា យន្តការនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា បានទទួលនូវការកោតសរសើរជាបន្តបន្ទាប់ទាំងប្រសិទ្ធភាពនៃយន្តការ និងល្បឿននៃការចាក់។ ជាងនេះទៅទៀត ការទទួលបាននូវវ៉ាក់សាំងក្នុងល្បឿនមួយយ៉ាងលឿន តាមរយៈទាំងយន្តការពហុភាគី និងទ្វេភាគី បានស្តែងឲ្យឃើញពីសមិទ្ធផលដ៏ធំធេងកើតចេញពីភាពជាអ្នកដឹកនាំប្រកបដោយទេពកោសល្យ និងគុណធម៌លើឆាកអន្តរជាតិរបស់សម្តេចតេជោ៕ដោយ៖សហការី