មន្ត្រីជាន់ខ្ពស់ចិន​ ៧រូប ត្រូវ​បាន​សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្ម ពាក់ព័ន្ធបញ្ហាទីក្រុងហុងកុង

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ មន្ត្រីចិនសរុបចំនួន ០៧នាក់ ត្រូវ​បាន​មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិក​ ប្រកាសដាក់ទណ្ឌកម្ម ពាក់ព័ន្ធការបង្ក្រាបលើក្រុមអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង។ ចំពោះ​ទណ្ឌកម្មខាងលើនេះ​ ត្រូវបានរៀបចំ និងប្រកាសចេញដោយក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ​ ដោយមានគោលដៅដាក់បន្ទុក ទៅលើមន្ត្រីចិនមួយចំនួន ដែលបម្រើការងារឲ្យការិយាល័យតំណាងនៃរដ្ឋាភិបាលចិន ប្រចាំនៅទីក្រុងហុងកុង។

ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយបន្ថែមថា​ មន្ត្រីចិនទាំង ០៧នាក់ ដែលទើបទទួលរងទណ្ឌកម្មនេះ គឺសុទ្ធសឹងតែជាមន្ត្រីជាន់ខ្ពស់ នៅក្នុងការិយាល័យតំណាងចិនមួយនេះ។

បើតាមលោក អាន់តូនី ប្លែងគែន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថា ការដាក់ទណ្ឌកម្មទៅលើមន្ត្រីចិនទាំងនេះ គឺធ្វើឡើងដោយមើលទៅលើស្ថានភាពជាក់ស្តែង ដូចជាការពន្យារពេលបោះឆ្នោត, ការបណ្តេញសមាជិកសភា និងការចាប់ខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ជាបន្តបន្ទាប់។

គួរបញ្ជាក់ថា​ ជុំវិញបញ្ហានេះដែរ​ទីក្រុងប៉េកាំង​ មិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការដាក់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិកខាងលើនេះនៅឡើយទេ។ ប៉ុន្តែរដ្ឋាភិបាលចិន​ កន្លងមកនេះ តែងតែអះអាងថា ខ្លួនមិនអនុញ្ញាតឲ្យកម្លាំងពីបរទេស ឬក្រុមភេរវករណាមួយ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងខ្លួន និងបង្កអស្ថិរភាពនៅទីក្រុងហុងកុងជាដាច់ខាត៕ដោយ​៖ស​ តារា​

...

រូបថត​៖AP​ លោក អាន់តូនី ប្លែងគែន (Antony Blinken) រដ្ឋមន្ត្រីការបរទេសអាមេរិក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print