អន្តរជាតិ៖ បើយោងតាមរាយការណ៍ប្រចាំថ្ងៃ ស្ដីពីករណីអ្នកកើតកូវីដ-១៩ ប្រទេសវៀតណាម នៅព្រឹកថ្ងៃសៅរ៍ទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសថា រកឃើញអ្នកជំងឺកូវីដ-១៩ថ្មីចំនួន២.១០៥នាក់ទៀត។ ដែលករណីនាំឱ្យចំនួនអ្នកឆ្លងថ្មីនេះ នៃប្រទេសមួយនេះ កេីនឡើងដល់៤២.៦៦៣នាក់ហេីយ។
របាយការណ៍ដដែល បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន២.១០៥នាក់ខាងលើនេះ ក្នុងនោះមានចំនួន ១.៧៦៩នាក់ ត្រូវបានរកឃើញនៅក្រុងហូជីមិញ បេីទោះបីជាទីក្រុងនេះកំពុងបិទខ្ទប់ ដេីម្បីទប់ស្កាត់ជំងឺកូវីដ-១៩យ៉ាងណាក្តី។
គួររម្លឹកដែរថា អាជ្ញាធរវៀតណាម កាលពីថ្ងៃសុក្រទី១៦ កក្កដាម្សិលមិញនេះ បានរកឃើញអ្នកឆ្លងកូវីដ-១៩សរុប ៣.៣២១នាក់ និងអ្នកជំងឺចំនួន ១៨នាក់បានស្លាប់ផងដែរ។ បច្ចុប្បន្នចំនួនស្លាប់ដោយសារកូវីដ-១៩ ធ្វើឱ្យប្រទេសវៀតណាម កើនឡើងដល់ចំនួន ២២៥នាក់ គិតចាប់តាំងពីឆ្នាំ២០២០កន្លងមក។
ជាមួយគ្នានេះ ពាក់ព័ន្ធនឹងការផ្ទុះកូវីដ-១៩ នៅរលកថ្មីនេះដែរ តំបន់ឧស្សាហកម្មនៅទូទាំងក្រុងហូជីមិញ ក៏ត្រូវបានរាយការណ៍ថា មានអ្នកកើតកូវីដ-១៩ ចំនួន១.៨៣៧នាក់ ចាប់តាំងពីខែមេសា កន្លងមក។
គួរបញ្ជាក់ថា ទីក្រុងហូជីមិញ មានកម្មករប្រមាណ៣២០.០០០នាក់ នៅក្នុងតំបន់កែច្នៃសំរាប់ការនាំចេញ និងឧទ្យានបច្ចេកវិទ្យាជាន់ខ្ពស់មួយ រួមជាមួយនឹងកម្មករជិត១,៣លាននាក់ នៅតំបន់ឧស្សាហកម្មចំនួន១៧ផ្សេងទៀត។ ជាក់ស្ដែងទីក្រុងមួយនេះ ឥឡូវជាមជ្ឈមណ្ឌលផ្ទុះកូវីដ១-៩ នៅវៀតណាមផងដែរ។ ដោយឡែក ក្រុងភាគខាងត្បូងនេះ គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន២៣.៩១៣នាក់៕ដោយ៖ស តារា
រូបភាព៖ឯកសារ