ប្រតិភូ និងអត្តពលិកកម្ពុជា ធ្វើតេស្ដកូវីដ-១៩ មុនចេញទៅប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ

ចែករំលែក៖

ភ្នំពេញ, បើយោងតាមប្រភពព័ត៌មានពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្ម នាព្រឹកថ្ងៃអាទិត្យនេះ លោក បានដឹកនាំប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជាធ្វើតេស្ដសំណាករកជំងឺកូវីដ-១៩ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ មុនចេញដំណើរទៅចូលរួមប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020) នៅប្រទេសជប៉ុននាថ្ងៃទី២០ ខែកក្កដាខាងមុខ។

លោក អគ្គលេខាធិការ បានបញ្ជាក់ថា ការធ្វើតេស្ដសំណាករកកូវីដនេះ គឺជាលក្ខខណ្ឌមួយ ដែលបណ្ដាប្រទេសសមាជិកចូលរួមប្រកួតកីឡាអូឡាំពិកទាំងអស់ ត្រូវគោរពគោលការណ៍របស់គណៈកម្មាធិការរៀបចំការប្រកួតដែលតម្រូវ
-ទី១-រយៈពេល ១៤ថ្ងៃមុនចេញដំណើរ ប្រតិភូ និងកីឡាករ-កីឡាការិនីម្នាក់ៗត្រូវថែរក្សាសុខភាព និងពិនិត្យសុខភាពរៀងរាល់ថ្ងៃ ហើយរាយការណ៍ទៅគណៈកម្មាធិការរៀបចំការប្រកួតនៅទីក្រុងតូក្យូ តាមរយៈប្រព័ន្ធ App ត្រួតពិនិត្យសុខភាពមួយរៀងរាល់ថ្ងៃដែលមានឈ្មោះថា OCHA។

-ទី២-ត្រូវធ្វើតេស្ដសំណាករកកូវីដ-១៩ យ៉ាងហោច ៧២ម៉ោងមុនឡើងយន្ដហោះ។ ដូច្នេះហើយទើបថ្ងៃនេះ ប្រតិភូ និងអត្តពលិកកម្ពុជា បានរៀបចំការធ្វើតេស្ដ ដើម្បីទទួលបានឯកសារគ្រប់គ្រាន់សម្រាប់ឡើងយន្ដហោះឆ្ពោះទៅទីក្រុងតូក្យូ ហើយយកលទ្ធផលនេះទៅបង្ហាញគេ
-និងទី៣-ការរៀបចំមុនចេញដំណើរ រួមមានការរៀបចំជូនប្រតិភូ និងអត្តពលិក នូវម៉ាស់ មួកពេទ្យ និងសម្ភារៈមួយចំនួនទៀតដែលអាចយកទៅជាមួយបាន ដូចជាទឹកអាល់កុលជាដើម។ លោក វ៉ាត់ ចំរើន បន្ថែម។

ដោយឡែកការធ្វើតេស្ដសំណាកប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជាថ្ងៃនេះ នៅមិនទាន់ដឹងលទ្ធផលនោះទេ គ្រាន់តែ លោក វ៉ាត់ ចំរើន បានអះអាងថា សុខភាពប្រតិភូ និងកីឡាករ-កីឡាការិនីម្នាក់ៗ គឺធម្មតា។ យ៉ាងណាមិញ លោកបានថ្លែងអំរណគុណ ចំពោះគណៈកម្មការអន្ដរក្រសួងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានសម្របសម្រួលដល់ការធ្វើតេស្ដប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជាជាមួយការបម្រើសេវាយ៉ាងល្អ និងគួរជាទីមោទនៈ។

សូមបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកម្ពុជា នឹងធ្វើដំណើរទៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី២០ ខែកក្កដា ប៉ុន្ដែមុនចេញដំណើរ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC នឹងជួបសំណេះសំណាលជូនដំណើរ និងលើកទឹកចិត្តដល់ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជា នាថ្ងៃទី១៩ ខែកក្កដាស្អែកនេះនៅទីស្នាក់ការ NOCC។ ចំពោះកីឡាករ-កីឡាការិនីកម្ពុជា ដែលត្រៀមចូលរួមព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះ មានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់។ ចំពោះការប្រកួតនឹងធ្វើឡើងពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print