ប្រភពព័ត៌មានពីកម្លាំងប៉ូលិសកេនយ៉ា នៅថ្ងៃទី១៨ខែកក្កដា បានឱ្យដឹងថា មានមនុស្ស១៣នាក់ស្លាប់ និងរបួសជាច្រើននាក់ក្រោយពីរថយន្តដឹកសាំងក្រឡាប់ហើយផ្ទុះឆេះនៅលើផ្លូវល្បឿនលឿនភាគខាងលិចប្រទេសកេនយ៉ា ។
លោក Charles Chacha ស្នងការប៉ូលិសតំបន់ Siaya ដែលជាកន្លែងកើតហេតុបានឱ្យដឹងថា «យើងបានរកឃើញសាកសព១២នាក់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យដោយសាររបួសធ្ងន់។
មន្ត្រីក្នុងតំបន់បានឱ្យដឹងថា គ្រោះថ្នាក់ខាងលើកើតឡើងក្នុងពេលពលរដ្ឋជាច្រើននាំគ្នាទៅយកប្រេងសាំងពីស៊ីទែនរថយន្តក្រឡាប់ ។ អ្នករងរបួសធ្ងន់ជាច្រើនបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានទាំងកុមារផងដែរ។
កាលពីឆ្នាំ២០០៩ មានគ្រោះថ្នាក់ដូចគ្នានេះដែរ កើតឡើងនៅក្នុងតំបន់ Molo ភាគខាងលិចរដ្ឋធានី Nairobi សម្លាប់មនុស្ស ១២២នាក់ ៕ដោយ៖ធីរីណា
...
រូបថត៖ITN