ឪពុកវាយកូនបង្កើតស្លាប់ម្នាក់របួសម្នាក់ សង្ស័យមានជំងឺសរសៃប្រសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំកម្លាំងសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ ចុះហ៊ុំព័ទ្ធទីតាំងឃាតកម្ម និងព័ទ្ធចាប់ខ្លួនជនសង្ស័យដៃដល់ជាឪពុក ម្នាក់បន្ទាប់ពីវាយកូនប្រុសបង្កើតបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម និងកូនស្រីរបួស ។

ទីតាំងកើតហេតុក្នុងបរិវេណផ្ទះជនរងគ្រោះ ស្ថិតនៅភូមិអូររកា សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ។

លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យជាជនដៃដល់និងជាឪពុករបស់ជនរងគ្រោះនេះឈ្មោះ គឹម ហុង អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូររកា សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់(ឃាត់ខ្លួន)។

លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ គឹម ហេង ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនស្រីច្បង(ទី-១)បានឲ្យដឹងថា ខ្លួនមានបងប្អូនបង្កើតចំនួន៩នាក់ ប្រុសចំនួន៤នាក់ ហើយប្អូនរងគ្រោះ(ស្លាប់) មានឈ្មោះ គឹម ឆេង ភេទប្រុស អាយុ ៣០ឆ្នាំ ។ ឯឪពុក(ដៃដល់)ឈ្មោះគឹម ហុង មានជំងឺសរសៃប្រសាទក្នុងអំឡុងឆ្នាំ២០២០ ។ កន្លងមកឪពុកដៃដល់(គឹម ហុង)បានយកដែកថ្នាំងអំពៅវាយកូនប្រុស(គឹម ឆេង)ប៉ុន្តែប្អូនស្រីពៅឈ្មោះ គឹម យាកលី បានរត់ទៅរងបណ្ដាលឲ្យរងរបួសដៃ។ បន្ទាប់មកឪពុកបានស្ទុះទៅវាយប្អូនប្រុស(រងគ្រោះ)បណ្ដាលឲ្យបាក់ធ្មេញ និងបែកមាត់ថែមទៀត។ ខណៈនោះបងប្អូនអ្នកជិតខាងចេញទៅជួយឃាត់ទើបឪពុកឈប់វាយ។ លុះនៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មុនកើតហេតុ ជនរងគ្រោះ(គឹម ឆេង)បានជូនប្អូនស្រីពៅ(គឹម យាកលី)ទៅដេកផ្ទះបងខាងមុខជាប់ផ្លូវ ដោយចាក់សោទ្វារពីក្រៅនិងហាមមិនឲ្យប្អូនមកផ្ទះឪពុកវិញ។ក្រោយមក ខ្លូន(ជនរងគ្រោះ)ក៏ដើរទៅផ្ទះខាងក្រោយវិញ លុះព្រឹកឡើង(យាកលី)ដើរទៅផ្ទះខាងក្រោយឃើញបងប្រុស(គឹម ឆេង)ស្លាប់នៅខាងជើងផ្ទះបាត់ទៅហើយ។ ចំណែកឪពុក(គឹម ហុង)សំងំនៅលើជង្រុកស្រូវខាងក្រោយផ្ទះធំ ទើបនាំគ្នាផ្អើលឆោឡោចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។

លោក ស្នងការរងបន្តទៀតថា យោងតាមការពិនិត្យជាក់ស្ដែងរបស់ក្រុមគ្រូពេទ្យជំនាញកោសល្យវិច្ចៃ មន្ត្រីជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃព្រហ្មទណ្ឌ ចៅសង្កាត់ មេភូមិ ពិនិត្យលើសាកសពឃើញលលាដ៍សពស្រុតបែកខ្ទេច និងសំប៉ែតចេញខួរក្បាលមកក្រៅដែល អាចប៉ះទង្គិចវត្ថុរឹងហើយមានទម្ងន់ដែលជនរងគ្រោះអាចស្លាប់លើសពី១០ម៉ោង។
បន្ទាប់មកសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពជូនបងស្រីនៃសព(គឹម ហេង)យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...


ដោយ÷ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print