ភ្នំពេញ៖ លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នសមត្ថភាពផ្ទៃក្នុងស្តីពី៖ “ការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ” ជូនដល់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងពិធីបើកវគ្គនាឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានលើកឡើងពីការជំរុញ និងការគាំទ្រពីសំណាក់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើការបណ្តុះបណ្តាលអភិវឌ្ឍធនធានបុគ្គលិក មន្រ្តីរាជការ គ្រូបង្រៀន និងសាស្រ្តាចារ្យរបស់វិទ្យាស្ថានឱ្យមានសមត្ថភាពខ្ពស់ ដើម្បីឈានទៅបណ្តុះបណ្តាលសិស្ស និស្សិតឱ្យក្លាយជាធនធានមនុស្ស ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់ទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។
ជាមួយគ្នានោះផងដែរ ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ទៅកាន់សិស្ស និស្សិត និងសិក្ខាកាមលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ពីសារ សំខាន់ជាមូលដ្ឋានគ្រឹះនៃវគ្គបណ្តុះបណ្តាលនេះ ជាវគ្គដែលអាចជួយបំពាក់បំប៉ន បំពេញបន្ថែមដល់ សមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រីរបស់វិទ្យាស្ថានថែមមួយកម្រិតទៀតដើម្បីអាចបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសធានាឱ្យកិច្ចដំណើរការវិទ្យាស្ថានអាចប្រព្រឹត្តទៅបាន ដោយរលូន និងទទួលបានជោគជ័យ។
លោកនាយកវិទ្យាស្ថាន បានបន្ថែមថា៖ វិទ្យាស្ថានបានបែងចែកវគ្គបណ្តុះបណ្តាលជា៨វគ្គ សរុបចំនួន១៨មេរៀន បង្រៀនបង្ហាញដោយវាគ្មិនកិត្តិយស និងអ្នកជំនាញមានបទពិសោធន៍ច្រើនឆ្នាំលើមេរៀន នីមួយៗដែលរួមមាន៖ គោលការណ៍នៃការងាររដ្ឋបាលក្នុងវិស័យអប់រំ និងប្រភេទគោលការណ៍រដ្ឋបាល អប់រំ ទំនាក់ទំនងក្នុងសាលារៀននិងរចនាសម្ព័ន្ធសាលារៀន ការគ្រប់គ្រងធនធានមនុស្សនិងការកសាងធនធានមនុស្សក្នុងវិស័យអប់រំ ការគ្រប់គ្រងខ្លួនឯង ការកសាងក្រុមនិងការបង្កើតបរិស្ថានជំរុញលើក ទឹកចិត្ត ការអភិវឌ្ឍខ្លួនឯង ការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ ការរៀបចំឱ្យមានផ្នត់គំនិត វិជ្ជមាន ការរៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សា វិធីសាស្ត្រដោះស្រាយទំនាស់ ការឆ្លុះបញ្ចាំងពីខ្លួនឯង និង ភាពជាអ្នកដឹកនាំ ជាដើម។
គួរកត់សម្គាល់ផងដែរថា៖ នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ វគ្គបណ្តុះបណ្តាលនឹងមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំចំនួនតិចជាង១៥រូប និងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីមន្រ្តីរាជការដទៃទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រីរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យមន្រ្តីទាំងអស់ចូលរួម ឱ្យបានផុលផុសជាមួយនឹងគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលនីមួយៗ ដែលមានរយៈពេលសរុប៦៤ម៉ោង ដើម្បីក្រេបយកចំណេះដឹងឱ្យបានច្រើនបំផុត និងរួមគ្នាកសាងមូលដ្ឋានគ្រឹះ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែរឹងមាំ និងអាចបំពេញការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំរបស់វិទ្យាស្ថានឱ្យមានការទទួលស្គាល់ទូលំទូលាយ និងល្បីល្បាញទាំងនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិនាពេលខាងមុខ។
សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នវិទ្យាស្ថានមាននិស្សិតជំនាន់ទី១ ចំនួន១៩១នាក់ ដែលបាននឹងកំពុងសិក្សាតាមប្រព័ន្ធអនឡាញលើមុខជំនាញចំនួន៦ ក្នុងដេប៉ាតឺម៉ង់ ចំនួន៣ សិក្សាពេលព្រឹកនិងពេលរសៀល ៥ថ្ងៃក្នុងមួយសប្តាហ៍ ពីថ្ងៃចន្ទដលថ្ងៃសុក្រ ព្រឹកចាប់ពីម៉ោង ៧ និង០០ព្រឹកដល់ម៉ោង ១១ និង០០ថ្ងៃត្រង់ និងរសៀលចាប់ពីម៉ោង១រសៀលដល់ម៉ោង៥ល្ងាច៕ដោយ៖សហការី