ក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Anderlecht និងខ្សែបម្រើជម្រើសជាតិបែលហ្ស៊ិក Albert Sambi Lokonga ក្នុងកិច្ចសន្យារយៈពេលវែង។ ថ្លៃឈ្នួលទោះបីជាមិនត្រូវបានបង្ហាញក៏ដោយត្រូវបានគេជឿជាក់ថា មានប្រហែល១៧,២លានផោន។
BBC Sport បានផ្សាយថា ដោយបានចូលរួមជាមួយក្រុម Anderlecht នៅវ័យ១៥ឆ្នាំ កីឡាករ Lokonga បានបង្ហាញខ្លួនឲ្យក្រុមដំបូងនៅខែធ្នូ ឆ្នាំ២០១៧ ហើយបានបង្ហាញខ្លួនចំនួន៧៨លើកដោយរកបាន៣ គ្រាប់។
លោក Mikel Arteta គ្រូបង្វឹករបស់ក្រុម Arsenal បាននិយាយថា “Albert Sambi Lokonga គឺជាកីឡាករឆ្លាតវៃម្នាក់ដែលបានបង្ហាញភាពចាស់ទុំដ៏អស្ចារ្យ។ គាត់ត្រូវបានបង្វឹកយ៉ាងល្អដោយ Vincent Kompany និងក្រុមរបស់គាត់នៅ Anderlecht ។
លោកបន្តថា “ខ្ញុំស្គាល់ Vincent ច្បាស់ណាស់ ហើយគាត់និយាយល្អអំពី Albert និងផលវិជ្ជមានដែលគាត់មានចំពោះ Anderlecht ក្នុងរដូវកាលថ្មីៗនេះ។ យើងមានទំនុកចិត្តថា Albert Sambi Lokonga ត្រៀមខ្លួនសម្រាប់ដំណាក់កាលបន្ទាប់ក្នុងការអភិវឌ្ឍរបស់គាត់ ហើយយើងទន្ទឹងរង់ចាំស្វាគមន៍សមាជិកថ្មីមកក្រុមរបស់យើងជាមួយនឹងគុណភាព និងផលវត្តមានរបស់គាត់”។
នាយកបច្ចេកទេសរបស់ក្លិបកាំភ្លើងធំ Arsenal លោក Edu បានបន្ថែមថា “មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ Albert Sambi Lokonga ហើយគាត់គឺជាគោលដៅធំសម្រាប់ពួកយើង។ គាត់នឹងនាំយើងនូវភាពខ្លាំងនៅតំបន់កណ្តាល”។
ខ្សែបម្រើរូបនេះនឹងពាក់លេខ២៣នៅក្រុមកាំភ្លើងធំ ដោយគាត់ធ្លាប់បានលេង៧ប្រកួតឲ្យជម្រើសជាតិបែលហ្ស៊ិកអាយុក្រោម២១ឆ្នាំដោយរកបាន២គ្រាប់។ Lokonga នឹងចូលរួមជាមួយមិត្តរួមក្រុមថ្មីរបស់គាត់បន្ទាប់ពីគាត់បានបញ្ចប់លក្ខខណ្ឌផ្សេងៗទៀត និងពិនិត្យសុខភាពរួចរាល់ដើម្បីទៅកាន់ទឹកដីអង់គ្លេស ។
ក្រុមកាំភ្លើងធំ Arsenal ក៏កំពុងតែធ្វើការបិទការផ្ទេរខ្សែការពារ Brighton សញ្ជាតិអង់គ្លេស Ben White ក្នុងតម្លៃ៥០លានផោនផងដែរដោយបាននាំយកខ្សែការពារឆ្វេង Nuno Tavares អាយុ២១ឆ្នាំរួចហើយពី Benfica ក្នុងតម្លៃ៨លានផោននៅរដូវក្តៅនេះ ៕ (រូបភាព ៖ BBC Sport)ដោយ៖ភារៈ