រដ្ឋាភិបាល​ថៃ៖​ អាចផ្អាកការបញ្ជាទិញនាវាមុជទឹកសិន ខណៈ​រង់ចាំស្ថានការណ៍កូវីដ-១៩ រហូត​មានភាពប្រសើរឡើងវិញ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ The Nation នៅល្ងាចថ្ងៃចន្ទទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​​លោកឧត្តមសេនីយ៍ឯក គង់ឈីប តាន់ត្រាវ៉ានីត (Kongcheep Tantrawanit) អ្នកនាំពាក្យក្រសួងការពារជាតិថៃ​ បាន​លើក​ឡើង​ថា៖ លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-ocha) នាយករដ្ឋមន្រ្តីថៃ​ បានប្រាប់ក្រសួងការពារជាតិ និងកងទ័ពជើងទឹកថៃ (RTN) ឱ្យពិចារណាពន្យារការបញ្ជាទិញនាវាមុជទឹកចំនួន ០២គ្រឿងសិន រហូតដល់ស្ថានការណ៍ COVID-19 មានភាពប្រសើរឡើងវិញ។

អ្នកនាំពាក្យក្រសួងការពារជាតិថៃរូបនេះ​ បាននិយាយថា៖ «ក្រសួង និងកងទ័ពជើងទឹកថៃបានដឹងហើយថា ស្ថានភាពជំងឺ COVID-19 នៅតែកំពុងជះឥទ្ធិពលដល់ប្រជាជនថៃយ៉ាងខ្លាំង… ដូច្នេះយើងបានយល់ព្រមពន្យារការទិញនាវាមុជទឹក ដែលបានគ្រោងទុកនៅឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាឆ្នាំ២០២២ នោះវិញហើយ។ ក្រសួងនឹងពិភាក្សាជាមួយក្រសួងការពារជាតិចិន ដែលនឹងលក់នាវាមុជទឹកដល់យើង អំពីតម្រូវការរបស់យើងដើម្បីពន្យារការបញ្ជាទិញ»។

គួរជម្រាបថា​ កងទ័ពជើងទឹកថៃ បានដាក់សំណើទិញនាវាមុជទឹកចំនួន ០២គ្រឿងទៅកាន់គណៈកម្មាធិការពិសេសរបស់សភា ដែលពិចារណាលើថវិកាសម្រាប់ឆ្នាំ២០២២ ដោយនិយាយថា វាជាកាតព្វកិច្ចរបស់ពួកគេក្នុងការដាក់សំណើ ដើម្បីរក្សាកម្រិតនៃការត្រៀមខ្លួន របស់កងទ័ពជើងទឹកថៃ។ ប៉ុន្តែសកម្មភាពនេះ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់សាធារណជន និងគណបក្សប្រឆាំង។

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍ឯក គង់ឈីប តាន់ត្រាវ៉ានីត ថ្លែង​បន្ថែម​ទៀត​ថា​៖ កងទ័ពជើងទឹក ក៏បានកាត់បន្ថយការចំណាយរបស់ខ្លួន ហើយបានជួយសន្សំថវិការដ្ឋាភិបាលចំនួន ៣.៣៧ពាន់លានបាតក្នុងឆ្នាំ២០២០ និង ៣.៤២ពាន់លានបាតក្នុងឆ្នាំ២០២១ផងដែរ៕ដោយ​៖ស​ តារា​

រូបថត​៖បាងកកប៉ុស្តិ៍​ លោក​ឧត្ដមសេនីយ៍ឯក​​ Kongcheep Tantrawanit​ អ្នកនាំពាក្យក្រសួងការពារជាតិថៃ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print