លោក សេង ឈួន ចុះដោះស្រាយសំណូមពររបស់តំណាងក្រុមយានយន្តដឹកជញ្ជូន លើបញ្ហាដឹកលើសទម្ងន់កម្រិតកំណត់ នៅផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល !

ចែករំលែក៖

ភ្នំពេញ, លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំគណៈប្រតិភូចុះដោះស្រាយសំណូមពររបស់តំណាងក្រុមយានយន្តដឹកជញ្ជូន លើបញ្ហាដឹកលើសទម្ងន់កម្រិតកំណត់ នៅផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល។

សូមបញ្ជាក់ថា, នៅថ្ងៃអង្គារ ១១កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានដឹកនាំគណៈប្រតិភូ និងគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ចុះដោះស្រាយ និងពិនិត្យសំណូមពរបស់តំណាងក្រុមយានយន្តដឹកជញ្ជូន លើបញ្ហាដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល។

តំណាងរបស់យានយន្តដឹកជញ្ជូនទាំង ៥រូបបានស្នើសុំដំណោះស្រាយ ៣ចំណុចដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ រួមមាន៖
១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន។
២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា
៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណាដែលកំពុងឃាត់ទុកមួយឆ្នាំឱ្យចរាចរណ៍ដឹកជញ្ជូនបាន។

ជាការឆ្លើយតប លោកប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំបានទទួលពិនិត្យសំណូមពរទាំង ៣ចំណុចខាងលើ និងគោរពរាយការណ៍ជូនលោកទេសរដ្ឋមន្រ្តីដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយជូន និងស្នើសុំឱ្យក្រុមយានយន្តដឹកជញ្ជូនទាំងអស់កុំប្រមូលផ្តុំ ជៀសវាងការឆ្លងនៃជម្ងឺកូវីដ១៩។

គួរបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានឃាត់យានយន្តដែលរក្សាទុកចំនួនមួយឆ្នាំ ១៧៣គ្រឿង ដោយអនុវត្តយ៉ាងតឹងរឹងបំផុតដោយគ្មានការលើកលែងឡើយតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

សូមអំពាវនាវចំពោះក្រុមហ៊ុននិងឯកជនដែលប្រកបអាជីវកម្មផ្នែកដឹកជញ្ជូនតាមរថយន្តធុនធ្ងន់ទាំងអស់ចូលរួមគោរពតាមនូវអនុសាសន៍ដ៌មានអត្តន័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា “ការប្រកបមុខរបរទទួលទាន ក៏ដូចជា ការបំពេញការងារ តាមវិជ្ជាជីវៈ របស់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ គឺថាការតបស្នងដ៏សំខាន់ ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និងការរីកចម្រើន អរគុណសន្តិភាព” និងចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរាជរដ្ឋាភិបាល ដើម្បីគោរព និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងរួមចំណែកការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាប់គង់វង្សតាមអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print