ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងការរៀបចំវេទិការសាធារណៈប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា តាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃអង្គារ ១១កើត ខែទុទិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១។
ឆ្លៀតឱកាសនោះ លោកស្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ ដែល បានយកចិត្តទុកដាក់សហការ បំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្ដបន្ទាប់ ជាពិសេស ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ការរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សាធារណៈបានល្អប្រសើរ ក្នុងការអនុវត្តដោយជោគជ័យយ៉ាងត្រចះត្រចង់ មានការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ខេត្តរហូតដល់គ្រប់មូលដ្ឋាន ភូមិ-ឃុំ-សង្កាត់ទូទាំងខេត្ត រួមចំណែកយ៉ាងខ្លាំងក្លាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ បង្កើនបាន នូវជំនឿ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីបន្តការតាមដាន ការអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រដ្ឋាភិបាលអណត្តិទី ៦ នៃរដ្ឋសភា ក្រុមការងារត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
*ទី១) ដោយសារជម្ងឺកូវីដ១៩ បានរាលដាលចូលសហគមន៍នៅខេត្តស្វាយរៀង ដូច្នេះ ក្រុមការងារត្រូវផ្អាកការប្រជុំជាទ្រង់ទ្រាយធំជាមួយប្រជាជនមូលដ្ឋាន។ បើចាំបាច់ត្រូវប្រជុំតាម Zoom ឬប្រាស្រ័យទាក់ទងគ្នាតាមបណ្តាញសង្គម ដូចជា៖ Telegram, messenger, WhatsApp ជាដើម ដែលជារបៀបធ្វើការតាមរបៀបបច្ចេកវិទ្យាថ្មី ។
*ទី២) ផ្តោតការយកចិត្តទុកដាក់ លើការជួយឧបត្ថម្ភ តាមដែលអាចធ្វើបានដល់គ្រួសារក្រីក្រដែលមានសមាជិកគ្រួសារបានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩ និងអ្នកដែលកំពុងធ្វើចតាឡីស័ក។
*ទី៣) ត្រូវជម្រុញថ្នាក់មូលដ្ឋានឱ្យធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈ និងសេវាសំណូមពរឱ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋដើម្បីទាក់ទាញការគាំទ្រពីពួកគាត់លើរាជរដ្ឋាភិបាល។
*ទី៤) គ្រប់ថ្នាក់ ជាពិសេស ថ្នាក់ភូមមិ ឃុំ ត្រូវចេះប្រើមធ្យោបាយបណ្តាញសង្គម។ តែត្រូវប្រើដោយប្រុងប្រយ័ត្ន និងដោយការត្រិះរិះពិចារណា គឺបង្ហោះតែសារណាដែលមានប្រយោជន៍ បង្ហោះនូវសមិទ្ធិផលរបស់បក្ស អំពើល្អរបស់ថ្នាក់ដឹកនាំបក្ស ។ ត្រូវជៀសវាងនូវសារនាដែលធ្វើឲ្យបះពាល់កិត្យាននុភាពជាតិ ឬប៉ពាល់ដល់កិត្តិរបស់ថ្នាក់ដឹកនាំ ជាដើម ។ល។
*ទី៥) យើងត្រូវខិតខំរក្សានូវលទ្ធផលការងារដែលយើងធ្វើបាន ហើយដកពិសោធន៍ជាមួយនឹងការងារដែលយើងកំពុងនឹងប្រឈម និងការងារដែលមិនទាន់អនុវត្តបាន ។
*ទី៦) សូមសមត្ថកិច្ចពាក់ព័ន្ធ និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័កចំពោះពលករ និងប្រជាពលរដ្ឋដែលឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី DELTA ដ៏កាចសាហាវនេះ ។
បន្ថែមពីនេះ លោកស្រីក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដែលបានអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ដោយបានចេញអស់កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មក្នុងការបំពេញភារកិច្ចតាមការដាក់ទិសដៅរបស់រាជរដ្ឋាភិបាល បើទោះបីជាមានការប៉ះពាល់នៅសិទ្ធខ្លះរបស់ប្រជាពលរដ្ឋ និងបានចុះយកសំណាក និងព្យាបាលអ្នកជំងឺដោយពុំខ្លាចភាពនឿយហត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ តែប៉ុណ្ណោះ ៕ដោយ៖សហការី