ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេចខណ:ដែលម្ចាស់ទុកនៅមុខផ្ទះ កាលពីវេលាម៉ោង១០យប់ថ្ងៃទី ២០ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្សារព្រែកព្នៅ ក្នុងខណ្ឌព្រែកព្នៅ រួចជិះរត់ត្រូវបានម្ចាស់ម៉ូតូជិះម៉ូតូដេញតាមពីក្រោយរួចស្រែកថាចោរៗរហូតមកដល់ចំណុចក្បែរសួនវឌ្ឍនៈតាមបណ្តោយផ្លូវចោមចៅ ក្នុងសង្កាត់ចមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យកំពុងល្បាតតាមដងផ្លូវធ្វើការឃាត់ខ្លួនបានភ្លាមៗ។
ជនសង្ស័យមានឈ្មោះសុខ លីម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្បែរកន្លែងកើតហេតុ។
តាមការរៀបរាប់ពីជន
រងគ្រោះជាម្ចាស់ម៉ូតូ ភេទប្រុស ជនជាតិវៀតណាម បានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគាត់បានទុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៩ ជាម៉ូតូសម្រាប់ដឹកត្រីលក់ប្រចាំថ្ងៃ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1K-3477នៅមុខផ្ទះ ដោយបានចាក់សោត្រឹមត្រូវ រួចបានចូលទៅក្នុងផ្ទះដើម្បីសម្រាក។ប្រភពដដែលបានបន្តទៀតថា លុះមកដល់ម៉ោងកើតហេតុស្រាប់តែមានបងប្អូនប្រជាពលរដ្ឋនៅក្បែរខាងបានមកប្រាប់ថាមានជនសង្ស័យលួចម៉ូតូគាត់ជិះយកទៅបាត់ហើយ ខណ:នោះគាត់ក៏ស្រវេស្រវាយកម៉ូតូមួយគ្រឿងទៀតជិះដេញតាមជនសង្ស័យពីក្រោយ និងស្រែកថាចោរៗរហូតមកដល់ចំណុចក្បែរសួនវឌ្ឍនៈ តាមបណ្តោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះនឹងកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យតាមដងផ្លូវធ្វើការឃាត់ខ្លួនបានភ្លាមៗ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានទំនាក់ទំនងទៅសមត្ថកិច្ចខណ្ឌព្រែកព្នៅឲ្យមកយកជនសង្ស័យទៅចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុខាសែនជ័យ