ភ្នំពេញ ៖ បុរសម្នាក់ត្រូវរថយន្តឡង់គ្រីស័របុកនិងកិនបែកក្បាលស្លាប់ភ្លាមៗនៅនិឹងកន្លែងកេីតហេតុ បន្ទាប់ពីជិះម៉ូតូចេញពីលេងកូនបានទាក់ដៃចង្កូតជាមួយរថយន្តបណ្ដាលឲ្យដួលមកកណ្ដាលផ្លូវ កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ អុី ឌូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Let’s ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1HG-8009 មកលេងកូនប្រុសអាយុ៣ឆ្នាំដែលនៅជាមួយម្ដាយមីងក្បែរកន្លែងកេីតហេតុ រួចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញនៅម្ដុំវត្តឫស្សីសាញ់។ ខណៈជនរងគ្រោះជិះម៉ូតូចេញបានប្រហែល១០០ម៉ែត្រក៏បានទាក់ដៃចង្កូតជាមួយរថយន្តឡង់គ្រីស័រមួយគ្រឿងមិនចាំស្លាកលេខ បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនចំក្បាលស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្កបានបេីកគេចបាត់ស្រមោលពីកន្លែងកេីតហេតុ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោជាបណ្ដោះអាសន្ន រង់ចាំស្រាវជ្រាវរករថយន្តបង្កហេតុមកដោះស្រាយតាមច្បាប់ ។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វេីកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅវត្តឫស្សីសាញ់ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ