ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ដោយបំភ្លឺចំពោះតម្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល !

ចែករំលែក៖

ភ្នំពេញ, ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ដោយបំភ្លឺចំពោះតម្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូល ធៀបនឹង​ថ្លៃ​លើ​ទីផ្សារ​ក្នុងស្រុក ​និងថ្លៃនៅប្រទេសជិតខាង​ប្រទេសកម្ពុជា។
ក្រសួងពាណិជ្ជ បានលើកឡើងថា, នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មសង្កេតឃើញថា មានមតិមួយចំនួនលើកឡើងពាក់ព័ន្ធនឹងតួនាទីរបស់ ក្រសួងពាណិជ្ជកម្មលើថ្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូល – ធៀបនឹងថ្លៃ លើទីផ្សារក្នុងស្រុក និងថ្លៃនៅប្រទេសជិតខាងប្រទេសកម្ពុជា។ ដោយហេតុថា មតិសាធារណៈមួយចំនួនមិនបានឆ្លុះ បញ្ចាំងពីតួនាទី និងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងពាណិជ្ជកម្មសូមបំភ្លឺជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖

១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យរដ្ឋអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលមានកំណត់ក្នុង ច្បាប់ ហើយត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតកម្ម ការពារថ្លៃផលិតផលជូនកសិក សិប្បករ និង ជួយរកទីផ្សារលក់ផលិតផល។ ផ្អែកតាមគោលការណ៍គ្រឹះនេះ ក្រសួងពាណិជ្ជកម្មបានចរចាបើកច្រកទីផ្សារក្រៅប្រទេស ដោយមិនចាំបាច់បង់ពន្ធ បានជួយសម្រួលដល់យន្តការទីផ្សារឱ្យមានការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និង ទំនិញនានា ដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយដែលគ្មានកំណត់ក្នុងច្បាប់នោះឡើយ។ ជាទូទៅ ការអនុវត្ត យន្តការផ្សារសេរីនេះ ក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និង អាស៊ានផងដែរ។ ក្នុងករណី ប្រទេសណាមួយដាក់វិធានការរិតត្បិតលើការនាំចូលណាមួយប្រទេសនោះត្រូវកំណត់នៅ ក្នុងលិខិតបទដ្ឋានច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការនោះដោយមានតម្លាភាព និងកំណត់នីតិវិធីច្បាស់លាស់។

២. ដោយឡែក ការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោមការធ្វើនិយ័តកម្មស្របតាមច្បាប់ និង អនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញ ជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណអនុញ្ញាតការនាំចូលជ្រូក ពីអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មឡើយ។ ការធ្វើតុល្យភាពនៃសេចក្តីត្រូវការ ក្នុងស្រុកជាមួយនឹងផលិតកម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យនាំចូលក្នុងបរិមាណណាមួយ គឺជាសិទ្ធិសម្រេចរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១៧ អនក្របក។

៣. ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការ និង វិធានការណាមួយសម្រាប់គ្រប់គ្រងតម្លៃទំនិញ (price control នាំចូល ឬទំនិញដែលធ្វើចរាចរក្នុងទីផ្សារកម្ពុជានោះ ឡើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ។ លើកលែងតែ ក្នុងករណីមាន របាយការណ៍ស៊ើបអង្កេតដែលអាចបញ្ជាក់បានថា មានមុខទំនិញនាំចូលជាក់លាក់ណាមួយ ត្រូវបានលក់បង្ហូចថ្លៃ (លក់ ទាបជាងថ្លៃដើមផលិតកម្ម) ឬមានការធ្វើឧបត្ថម្ភធនដោយប្រទេសនាំចេញ ឬទំនិញនាំចូលនោះត្រូវបាននាំចូលដោយ មានការកើនឡើងដោយគំហុកនោះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការស៊ើបអង្កេត និងឈានទៅអនុវត្តវិធានការនានា រួមទាំង ការកំហិតបរិមាណ និងដំឡើងពន្ធនាំចូលផងដែរ ដូចមានចែងក្នុងច្បាប់ជាធរមាន សំដៅការពារ និងដោះស្រាយផល ប៉ះពាល់ជាអវិជ្ជមានមកលើកសិករ ឬឧស្សាហកម្មកម្ពុជា។
៤. សូមបញ្ជាក់ជូនផងដែរថា ពាក់ព័ន្ធនឹងការបោះផ្សាយនូវសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅ តាមបណ្តាស្ថានីយ៍នានា ដែលក្រសួងពាណិជ្ជកម្មបាននិងអនុវត្តកន្លងមក មិនមែនជាការកំណត់ថ្លៃលក់រាយនៃប្រេង ឥន្ធនៈនៅកម្ពុជានោះទេ តែនេះគឺជាយន្តការមួយដែលជួយផ្សព្វផ្សាយដោយតម្លាភាពនូវការឡើងចុះនៃថ្លៃនៃប្រេងឥន្ទនៈ ដែលមានការប្រែប្រួល រត់តាមការប្រែប្រួលថ្លៃនៃប្រេងឥន្ទនៈនៅក្នុងទីផ្សារអន្តរជាតិ ដោយក្រសួងគ្រាន់តែយកកត្តានានា ទាក់ទងនឹងថ្លៃ មកគណនាតាមរូបបមន្តទូទៅ ហើយបញ្ចេញឱ្យសាធារណជនជ្រាបអំពីថ្លៃប្រេងឥន្ទនៈ ដែលក្រុមហ៊ុន ប្រេងក្នុងស្រុកកំពុងប្រកបអាជីវកម្មនៅកម្ពុជាតែប៉ុណ្ណោះ។

៥. ចំពោះការធ្វើសន្ទស្សន៍ថ្លៃទំនិញចរាចរក្នុងទីផ្សារកម្ពុជាជាប្រចាំ ក្រសួងពាណិជ្ជកម្មមានភារកិច្ចសហការជា មួយអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រឹមតែស្រង់សន្ទស្សន៍ថ្លៃទំនិញទូទៅ ដើម្បីប្រើប្រាស់ជាស្ថិតិសម្រាប់ការងារស្រាវជ្រាវ ការវិភាគ និងតាមដានអត្រាអតិផរណា សំដៅដាក់ចេញនូវវិធានការណាមួយ ដែលអាចជួយសម្រួលដល់លំហូរទំនិញ នៅក្នុងស្រុក និងនាំចេញ-នាំចូល តាមយន្តការទីផ្សារសេរីតែប៉ុណ្ណោះ។

៦. ពាក់ព័ន្ធនឹងសំណូមពរឱ្យមានយន្តការសម្រាប់ស្រង់ និងសម្របសម្រួលលើបរិមាណ និងថ្លៃលក់មុខទំនិញ យុទ្ធសាស្ត្រណាមួយនៅលើទីផ្សារ នោះក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឱ្យមាន កិច្ចប្រជុំពិភាក្សាក្រោមក្របខ័ណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងគោរពស្នើសុំអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល លើបញ្ហានេះ។

សេចក្ដីដូចបានបំភ្លឺជូនខាងលើ សូមសាធារណជន និងបណ្ដាញសារព័ត៌មាននានា មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ៖  សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print