ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍ពីប្រជានេសាទផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិដីរនាត និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ថា បច្ចុប្បន្ន គេសង្កេតឃើញឧបករណ៍ចាប់ត្រីប្រភេទទំនើប(របាំងសាច់អួនក្រឡាល្អិត និងរបាំងស្បៃមុង)រាប់សិបខ្សែកំពុងនឹងកើតមានស្អេកស្កាស់ ក្នុងដែនសមត្ថកិច្ចលោក លឹម សុក្រឹត នាយសង្កាត់រដ្ឋបាលជលផលបាកាន ខណៈកន្លងទៅថ្មីៗនេះមានការបង្រ្កាបយ៉ាងគគ្រឹកគគ្រេង នៅស្រុកកណ្ដៀង និងស្រុកក្រគរ ។
សេចក្តីរាយការណ៍ពីប្រជានេសាទដដែលបន្តថា ឧបករណ៍ចាប់ត្រីនារដូវបិតនេសាទដែលកំពុងនឹងកើតមានខាងលើ ចាប់ពីមាត់ពាមដីរនាត់រហូតដល់ព្រែកក្បាលកោល ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ជាពិសេសនៅមិនឆ្ងាយប៉ុន្មាន ពីស្នាក់ការសង្កាត់រដ្ឋបាលជលផលបាកាន ដែលលោក លឹម សុក្រឹត នាយសង្កាត់តែម្ដង ដែលស្ថិតនៅភូមិដីរនាត និងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពរាយការណ៍ពីមជ្ឃដ្ឋានខាងលើកឡើងដដែលៗថា ឧបករណ៍បទល្មើសចាប់ត្រីប្រភេទនេះមិនអាចល័កបាំងបានទេ មើលពីស្នាក់ការជលផលឃើញច្បាស់ក្រឡែត ដែល១ខ្សែៗមានប្រវែងវ៉េងចាប់ពី២ឡុកទៅ៦ឡុក ហើយមិនពិបាកក្នុងការស្រាវជ្រាវអតសញ្ញាណជនប្រព្រិត្តនោះទេ គឺពួកគាត់សង់រោងចាំនៅកន្លែងនោះតែម្ដង បញ្ហាបទល្មើសមានទាំងរោងបែបនេះ តើច្បាប់ស្ដីពីជលផលគិតយ៉ាងណា? ជាពិសេសមន្ត្រីរដ្ឋបាលជលផល ក្រោមដែនសមត្ថកិច្ចលោក លឹម សុក្រឹត ជានាយសង្កាត់រដ្ឋបាលជលផលបាកាន អាចទៅរួចទេ?បើរំលងភ្នែកលោក លឹម សុក្រឹត បញ្ហានេះមន្រ្តអធិការកិច្ចនៃមន្ទីរក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ គួរស្រាវជ្រាវឡើងវិញផង តើពិតដូចមហាជនលើកឡើងដែររឺទេ ៕
ដោយៈ បុឹម ពិន