ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានសម្រេចប្តូរទូរស័ព្ទ និងលេខទូរស័ព្ទរបស់ខ្លួន ក្រោយត្រូវផ្នែកទន់ចារកិច្ច Pegasus របស់អុីស្រាអែលតាមដាន ។ ជាមួយគ្នានេះក៏មានប្រទេសជាច្រើនបើកការស៊ើបអង្កេតពីបញ្ហានេះដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Gabriel Attal បានឱ្យដឹងថា «ប្រធានាធិបតីមានលេខទូរស័ព្ទជាច្រើន ដូច្នេះប្រធានាធិបតីនឹងមិនត្រូវគេតាមដាននោះឡើយ ប៉ុន្តែយើងចាំបាច់ត្រូវការការពារការសម្ងាត់»។
ការផ្លាស់ប្តូរទូរស័ព្ទនិងលេខទូរស័ព្ទគឺជារឿងចាំបាច់ដែលត្រូវធ្វើដំបូងបង្អស់របស់ប្រធានាធិបតីបារាំង ក្រោយពីបែកធ្លាយរឿងអាស្រូវចារកិច្ចផ្នែកទន់ Pegasus ផលិតដោយក្រុមហ៊ុន NSO របស់អុីស្រាអែលដែលបានលួចតាមដានជាសម្ងាត់ដល់ប្រធានាធិបតីបារាំង និងប្រមុខដឹកនាំសំខាន់ៗជាច្រើនរូបនៅជុំវិញពិភពលោក។
ក្រៅពីនេះ អង្គការលើកលែងទោសអន្តរជាតិ រួមជាមួយបណ្តាញព័ត៌មានធំៗលើពិភពលោក ក្នុងនោះមាន Washington Post, The Guardian, Le Monde បានសហការស្រាវជ្រាវ ហើយប្រកាសពីលទ្ធផលថា ផ្នែកទន់ Pegasus របស់អុីស្រាអែលដែលបានលួចប្រមូលព័ត៌មានពីលេខទូរស័ព្ទជាង ៥ម៉ឺនគ្រឿងរបស់សកម្មជននយោបាយ ប្រមុខដឹកនាំប្រទេសរហូតដល់អ្នកសារព័ត៌មានតាំងពីឆ្នាំ២០១៦មក។
តាមសារព័ត៌មាន Le Monde លេខទូរស័ព្ទរបស់ប្រធានាធិបតីម៉ាក្រុង និងសមាជិករដ្ឋាភិបាល១៥រូបផ្សេងទៀតស្ថិតនៅក្នុងការស្រាវជ្រាវ ស៊ើបការណ៍ពីផ្នែកទន់ Pegasus តាំងពីឆ្នាំ២០១៩មក៕ដោយ៖ធីរីណា
រូបថត៖Reuters.