ស្ត្រីអារ៉ាប៊ី សាអ៊ូឌីតកាន់តែទទួលបានសិទ្ធិទូលំទូលាយជាងមុន។ ជាលើកដំបូងប្រទេសអារ៉ាប៊ី សាអ៊ូឌីតបានអនុញ្ញាតឲ្យទាហានស្រី ចូលរួមការពារសន្តិសុខនៅព្រះវិហារ Mecca និង Medina ។
ទាហានស្រីអារ៉ាប៊ី សាអ៊ូឌីតរាប់សិបនាក់បានឈរយាមល្បាតនិងណែនាំសាសនិកអ៊ិស្លាមរាប់សិបពាន់នាក់ដែលបានមកចូលរួមពិធីព្យុហយាត្រា Haji នៅព្រះវិហារ Mecca ជារៀងរាល់ឆ្នាំ។
ទាហានស្រីមានសមាជិក១១៣នាក់បានបង្កើតឡើងកាលពីឆ្នាំ២០២០ ដោយឆ្លងកាត់ការហ្វឹកហាត់យ៉ាងស្ទាត់ជំនាញ អាចការពារខ្លួន ជួយសង្គ្រោះ និងប្រើប្រាស់អាវុធ ។ ទាហានស្រីទាំងនោះត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលទាំងភាសាអារ៉ាប់ និងភាសាអង់គ្លេស និងចេះប្រើប្រាស់កំុព្យុទ័រ…។ ការដាក់ពង្រាយកម្លាំងទាហានស្រីនៅព្រះវិហារទាំងពីរខាងលើ គឺជាការផ្លាស់ប្តូរ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ក្រោមការដឹកនាំរបស់ព្រះរាជទាយាទ Mohammed bin Salman។ សកម្មភាពទាំងនោះ គឺជាគម្រោងកែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច សង្គម ស្ថិតនៅក្នុងចក្ខុវិស័យឆ្នាំ២០៣០ ដែលចាប់ផ្តើមអនុវត្តតាំងពីខែមេសាឆ្នាំ២០១៦។
ការផ្តល់សិទ្ធិដល់ស្ត្រីក៏ស្ថិតនៅក្នុងគោលដៅនៃចក្ខុវិស័យឆ្នាំ២០២០ ផងដែរ ។ ក្នុងគម្រោងនោះរដ្ឋាភិបាលអារ៉ាប៊ី សាអ៊ូឌីតចង់បង្កើនចំនួនស្ត្រីក្នុងវិស័យពលកម្មកើនឡើងពី២២% ឡើងដល់ ៣០%នៅក្នុងឆ្នាំ២០៣០។ នៅក្នុងវិស័យវិនិយោគ ទេសចរណ៍ វប្បធម៌… គឺបានផ្តល់ឱកាសដល់ស្ត្រីចូលរួម។ ទន្ទឹមនឹងនោះប្រទេសតំបន់ឈូងសមុទ្រមួយនេះក៏បានសន្យាធានានិងការពារដល់សិទ្ធិរបស់ស្ត្រីនៅកន្លែងធ្វើការផងដែរ ។ ទាំងនោះហើយជួយឲ្យស្ត្រីអាចប្រកួតប្រជែងគ្នានៅក្នុងវិស័យអាជីវកម្មនិងជំនួញ។
នៅក្នុងជួររដ្ឋាភិបាលវិញអារ៉ាប៊ី សាអ៊ូឌីត មានស្ត្រី៣រូបហើយធ្វើជាឯកអគ្គរដ្ឋទូត និងស្ត្រី១០០នាក់ផ្សេងទៀតកាន់តំណែងក្នុងជួររដ្ឋាភិបាល៕ដោយ៖ធីរីណា
រូបថត៖AFP.