អាល្លឺម៉ង់ចាញ់ប្រេស៊ីល ខណៈបារាំង និងអាហ្សង់ទីនបរាជ័យដូចគ្នាថ្ងៃបើកឆាកព្រឹត្តិការណ៍អូឡាំពិកនៅជប៉ុន

ចែករំលែក៖

ក្រុមយុវជនជម្រើសជាតិប្រេស៊ីលអាយុក្រោម២៣ឆ្នាំ (U23) បានយកឈ្នះក្រុមយុវជនជម្រើសអាល្លឺម៉ង់ (U23) ក្នុងលទ្ធផលយ៉ាងប្រផិតប្រផើយ៤ទល់២ ក្នុងការប្រកួតបើកឆាកពូលនៃព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនកាលពីយប់ថ្ងៃទី២២ កក្កដា ២០២១ម្សិលមិញនេះ។ ចំណែកក្រុមជម្រើសជាតិយុវជនអាយុ២៣ឆ្នាំបារាំង និងអាហ្សង់ទីនបានបរាជ័យទាំងពីរ ដោយបារាំងបានចាញ់ក្រោមថ្វីជើងក្រុមយុវជនម៉ិចស៊ីកូ៤ទល់១ ខណៈអាហ្សង់ទីនចាញ់អូស្ត្រាលី២ទល់០ ក្នុងការប្រកួតដំណាលគ្នានេះដែរ ។

យោងតាមលទ្ធផលរបស់ BBC Sport បានបង្ហាញថា ក្រុមជម្រើសជាតិប្រេស៊ីលបានរកគ្រាប់បាល់នាំមុខក្រុមអាល្លឺម៉ង់ ក្នុងតង់ទី១ រហូតដល់៣គ្រាប់ គឺរកបានដោយកីឡាករយុវជនឆ្នើមរបស់ប្រេស៊ីល Richarlison នៅនាទីទី៧, នាទីទី២២ និងនាទីទី៣០។ ចប់ការប្រកួតក្នុងវគ្គទី១ ក្រុមយុវជនប្រេស៊ីលនាំមុខក្រុមយុវជនអាល្លឺម៉ង់៣ទល់០។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមអាល្លឺម៉ង់បានព្យាយាមរកគ្រាប់បាល់សងវិញ២គ្រាប់គឺរកបានដោយកីឡាករ Amiri នៅនាទីទី៥៧ ហើយនៅនាទីទី៦៣ កីឡាករ Arnold របស់អាល្លឺម៉ង់បានធ្វើឲ្យមានកំហុសត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញពីការប្រកួត។ ចំណែកគ្រាប់ទី២របស់អាល្លឺម៉ង់រកបានដោយកីឡាករ Ache នៅនាទីទី៨៤ ប៉ុន្តែនៅម៉ោងបន្ថែមជិតចប់ទៅហើយកីឡាករ Paulinho របស់ប្រេស៊ីលរកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី៩០+៥ ធ្វើឲ្យចប់ការប្រកួតប្រេស៊ីលឈ្នះអាល្លឺម៉ង់៤ទល់២ ឡើងទៅឈរលេខ១ក្នុងពូលមាន៣ពិន្ទុដូចគ្នានឹងក្រុមលេខ២ក្នុងពូលគឺក្រុម កូឌីវ័រដែលឈ្នះអារ៉ាប៊ីសាអ៊ូឌីត២ទល់១ផងដែរ ។

ចំណែកក្រុមយុវជនបារាំងបានបរាជ័យយ៉ាងធ្ងន់ក ដោយចាញ់ក្រុមយុវជនម៉ិចស៊ីកូ៤ទល់១ ដែល៤គ្រាប់របស់ម៉ិចស៊ីកូរកបានក្នុងតង់ទី២ដោយកីឡាករ Vegaនៅនាទីទី៤៧ កីឡាករ Córdovaនាទីទី៥៤, កីឡាករ Antuna នៅនាទីទី៨០ និងកីឡាករ Eduardo Aguirre នៅនាទីទី៩០។ រីឯ១គ្រាប់របស់បារាំងរកបានដោយកីឡាករ Gignac នៅនាទីទី៦៩ ដោយបាល់ពិន័យប៉េណាល់ទី ធ្វើឲ្យក្រុមម៉ិចស៊ីកូឡើងឈរលេខ១ក្នុងពូលAបណ្តោះអាសន្នមាន៣ពិន្ទុស្មើជាមួយក្រុមម្ចាស់ផ្ទះជប៉ុន៣ពិន្ទុដូចគ្នាដែលបានយកឈ្នះក្រុមអាហ្វ្រិកខាងត្បូង១ទល់០។

ដោយឡែកក្រុមយុវជនអាហ្សង់ទីនបានចាញ់ក្រុមអូស្ត្រាលី២ទល់០ ដែល២គ្រាប់រកបានដោយកីឡាករ Wales នៅនាទីទី១៤ និងគ្រាប់ទី២រកបានដោយកីឡាករ Tilio នៅនាទីទី៨០ក្នុងតង់ទី២ ខណៈដែលកីឡាករ Ortega របស់អាហ្សង់ទីនត្រូវអាជ្ញាកណ្តាលពិន័យកាតក្រហមនៅនាទីទី៤៥+៣ តាំងពីតង់ទី១ម្ល៉េះ។

បរាជ័យនេះធ្វើឲ្យអាហ្សង់ទីនបាត់បង់៣ពិន្ទុក្នុងថ្ងៃប្រកួតបើកឆាកព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូ បានឈរលេខ៤បាតតារាងក្នុងពូលហើយធ្វើឲ្យអូស្ត្រាលីឈរលេខ១ក្នុងពូលនេះ ខណៈដែលអេស្ប៉ាញនិងអេហ្ស៊ីបបានម្នាក់១ពិន្ទុ ឈរលេខ២និងលេខ៣ ក្រោយពីប្រកួតស្មើគ្នា០ទល់០។

សូមបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ផ្នែកបុរសយុវជនអាយុ២៣(U23)របស់ក្រុមជម្រើសជាតិដែលត្រូវប្រជែងគ្នាដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះគឺមាន៤ពូល A, B, C និងដោយពូលនីមួយៗមាន៤ក្រុមត្រូវប្រកួតវិលជុំដើម្បីសន្សំពិន្ទុយកក្រុមដែលឈ្នះលេខ១និងលេខ២ក្នុងពូលនីមួយៗឡើងទៅប្រកួតវគ្គ៨ក្រុមចុងក្រោយបន្តទៀត។ សម្រាប់ការប្រកួតបើកឆាកនៅម្សិលមិញគឺ អេស្ប៉ាញស្មើជាមួយអេហ្ស៊ីប០ទល់០, ម៉ិចស៊ីកូឈ្នះបារាំង៤ទល់១, ណូវែលហ្សេឡង់ឈ្នះកូរ៉េខាងត្បូង១ទល់០, កូឌីវ័រឈ្នះអារ៉ាប៊ីសាអ៊ូឌីត២ទល់១, អូស្រ្តាលីឈ្នះអាហ្សង់ទីន២ទល់០, ជប៉ុន(ម្ចាស់ផ្ទះ)ឈ្នះអាហ្រ្វិកខាងត្បូង១ទល់០, រ៉ូម៉ានីឈ្នះហុងឌុយរ៉ាស១ទល់០ និងប្រេស៊ីលឈ្នះអាល្លឺម៉ង់៤ទល់២ ៕

   

...

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print