ភ្នំពេញ, ជីវិតយើងម្នាក់ៗ កើតចេញពីការតស៊ូ តាមលទ្ធភាពនៃការរស់នៅរៀងៗខ្លួន ។ សូមជម្រាបជូនថា, ទន្ទឹមនឹងឱកាសបានប្រកួត ម្ដងម្កាល តែកីឡាករ លី តឿន ខណៈដែល ភរិយាទើបតែសម្រាលកូនភ្លោះ២ នៅតែថ្ងូរប្រាប់ប្រធាន ក្លិប និងប្រាប់កីឡាករដូចគ្នាថា លោកដាច់បាយ ដោយសារតែអំឡុងពេលកូវីដផ្ទុះខ្លាំង គឺការ ចំណាយនៅតែខ្ពស់ តែចំណូលធ្លាក់ចុះខ្លាំង។ ក្នុងនោះក្រោយពេលភរិយាសម្រាលកូនភ្លោះ ធ្វើ ឱ្យមានជីវភាពក្រលំបាកផងដែរ។ ប្រឹងឡើងលើឆាកប្រដាល់ ដើម្បីបានប្រាក់បន្តិចបន្តួចគ្រាន់គ្រប់គ្រងជីវភាពគ្រួសារ ដែលការលំបាកនេះគ្មាននរណាដឹងក្រៅពីរូបលោកនិងក្រុមគ្រួសារនោះឡើយ។
សូមបញ្ជាក់ថា, វត្តមានបង្ហាញខ្លួននៅក្នុងការប្រកួតកាលពីសប្តាហ៍មុន នៅទូរទស្សន៍បាយ័ន កីឡាករ លី តឿន បាន ឡើងប្រកួតជាមួយកីឡាករ ថាន់ បំរ៉ុង ហើយ ទទួលបានលទ្ធផលចាញ់ពិន្ទុយ៉ាងគ្រាំគ្រាខ្លួន ដោយទទួលបានតម្លៃខ្លួនប្រកួតចំនួន៣៥ម៉ឺន រៀលប៉ុណ្ណោះ ។ ប៉ុន្តែសម្រាប់ការខ្វះខាតរបស់លោក ប្រាក់ចំនួន ៣៥ម៉ឺនរៀលនេះ គឺច្រើនបំផុតដើម្បីយកទៅដោះស្រាយ ជួយប្រពន្ធដែលទើបនឹងឆ្លងទន្លេបានកូនភ្លោះពេលនោះ។
តាមរយៈការក្រខ្សត់ តស៊ូ លះបង់គ្រប់បែបយ៉ាងដើម្បីកីឡាករប្រដាល់ខ្មែរ កីឡាកររូបនេះត្រូវបានប្រធានក្លិប និង កីឡាករជាមិត្តភ័ក្តិមួយចំនួនជួយរៃអង្គាសបាន ប្រាក់មួយចំនួនបន្ថែមទៀត ដោយសារតែម្នាក់ៗ គេអាណិត ហើយគេដឹងថា កីឡាកររូបនេះជួប ការលំបាកខ្លាំង ចាប់តាំងពីកូវីដផ្ទុះខ្លាំង។ កីឡាកររូបនេះត្រូវបានមិត្តរួមក្រុមនិយាយថា ខ្សត់ ណាស់ ទើបចូលប្រដាល់ ប៉ុន្តែសង្វៀនបើកវិញ មិនទាន់ច្រើន ហើយកីឡាករឡើងប្រកួតទម្រាំ ដល់ជុំក៏យូរដែរ ទើបធ្វើអោយជីវភាពរបស់ កីឡាកររូបនេះកាន់តែយ៉ាប់។
សង្ឃឹមថានឹងមានសប្បុរសជន អាចជួយឧបត្ថម្ភដល់កីឡាករប្រដាល់របស់កម្ពុជាយើង នៅពេលដែលបានឃើញអំពីទិដ្ឋភាពនៃការរស់នៅដ៏ក្រខ្សត់នេះ ដូចជាបងប្អូនបានឃើញរួចហើយ ប្រពន្ធទើបនឹងឆ្លងទន្លេបានកូនភ្លោះពីរនាក់ សុខចិត្តរកពេលទៅឡើងប្រកួតលើសង្វៀន ដើម្បីបានប្រាក់យកមកជួយគ្រួសារ។ ប៉ុន្តែការឡើងប្រកួតកាលពីមួយសប្តាហ៍មុន ខណៈដែលខ្លួនចាញ់ពិន្ទុ គឺរងនូវកណ្តាប់ដៃ និងការទាត់ដោយកីឡាករ ថាន់ បំរ៉ុង យ៉ាងក្រំខ្លួនផងដែរ៕
ដោយ, សិលា