ភ្នំពេញ, នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមគោរពជម្រាបជូន សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ថា, បុគ្គល ញឹម គឹមញ៉ុល និង ជួង ជូងី ទាំង២(ពីរ)រូបនេះ បានធ្វើសកម្មភាពរំលោភបំពាននឹងសាលដីកាតុលាការកំពូល !
សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា, កម្មវត្ថុ ៖ របាយការណ៍ស្តីពីសំណើសុំផ្ដល់នីតិសម្បទាឡើងវិញរបស់បុគ្គលចំនួន២ (ពីរ) សមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ។
សម្តេចក្រឡាហោម ស ខេង គោរពជម្រាបជូនសម្តេចថា, ខ្ញុំសូមគោរពជម្រាបជូន សម្តេចអគ្គមហា សេនាបតីតេជោ នាយករដ្ឋមន្ត្រី មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា បុគ្គលឈ្មោះ ញឹម គឹមញ៉ុល ភេទ ប្រុស កើត ថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៥៥ និងបុគ្គលឈ្មោះ ជូង ជូងី ភេទ ប្រុស កើតថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៦៩ ជាអតីត សមាជិកគណៈកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ បានដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំ សិទ្ធិធ្វើនយោបាយឡើងវិញមុនកាលកំណត់របស់សាលដីកាតុលាការកំពូល។ ពាក់ព័ន្ធនឹងបុគ្គលទាំង២(ពីរ)រូប ខាងលើនេះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ស្ថិតនៅក្នុងរយៈពេល នៃការហាមឃាត់មិនឲ្យធ្វើសកម្មភាព នយោបាយសម្រាប់រយៈពេល៥(ប្រាំ)ឆ្នាំ តាមអំណាចសាលដីកាលេខៈ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល បុគ្គលទាំង២(ពីរ)រូបនេះ បានធ្វើសកម្មភាពរំលោភបំពាននឹងសាលដីកាតុលាការកំពូល ដូចខាងក្រោម៖
១.បុគ្គលឈ្មោះ ញឹម គឹមញ៉ុល បានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជាតិ និងបង្កភាពចលាចល ក្នុងសង្គម ដោយបានដឹកនាំបញ្ជាដោយផ្ទាល់កម្លាំងសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិនៅក្នុង ប្រទេសថៃ និងបានបញ្ជាពីខាងក្រៅមកបណ្តាញរបស់អតីតគណបក្សសង្គ្រោះជាតិនៅក្នុងប្រទេស ដើម្បីកៀរគ កម្លាំងត្រៀមចូលរួមអនុវត្តផែនការវិលត្រឡប់របស់មេក្លោងឧទ្ទាមទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ពាក់ព័ន្ធនឹងសកម្មភាពនេះ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងបានកំពុងរៀបចំដំណើរការជំនុំជម្រះក្តីចំពោះជនត្រូវចោទឈ្មោះ ញឹម គឹមញ៉ុល ពីបទ សមគំនិតក្បត់”។
២.បុគ្គលឈ្មោះ ជូង ជូងី បានធ្វើសកម្មភាពញុះញង់ក្នុងចេតនាទុច្ចរិត រារាំង និងបំពានសិទ្ធិនយោបាយ របស់ពលរដ្ឋ ដោយបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម(Facebook) ប្រព្រឹត្តអំពើទុច្ចរិតបំពាននឹងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងគោលបំណងរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។ ចំពោះសកម្មភាពនេះ ត្រូវបានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដាក់សំណើជូនទៅក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងមានវិធានការផ្លូវច្បាប់ ចំពោះបុគ្គលនេះផងដែរ។ បច្ចុប្បន្នករណីនេះ កំពុងស្ថិតនៅក្នុងនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញនៅឡើយ។
សេចក្ដីដូចបានគោរពជម្រាបជូនខាងលើសូមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបជាសេចក្តីរាយការណ៍ និងគោរពស្នើសុំយោបល់ ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត។
សូម សម្ដេចតេជោ នាយករដ្ឋមន្ត្រី មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ៕
ដោយ, សុខ ខេមរា