រដ្ឋបាលខេត្តព្រៃវែង សម្រេចផ្អាកបណ្តោះអាសន្នផ្សាក្រុងព្រៃវែង ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ចាប់ពីថ្ងៃទី ២៤ ខែកក្កដា !

ចែករំលែក៖

ខេត្តព្រៃវែង, រដ្ឋបាលខេត្តព្រៃវែង សម្រេចផ្អាកបណ្តោះអាសន្នផ្សាក្រុងព្រៃវែង ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១ បន្ទាប់រកឃើញអាជីវករចំនួន ៣នាក់ មានវិជ្ជមានកូវីដ-១៩។
នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សាធារណៈជន និងបង ប្អូនអាជីវករក្នុងផ្សារក្រុងព្រៃវែងទាំងអស់មេត្តាជ្រាបថា កាលពីពេលថ្មីៗនេះ មានអាជីវករលក់ដូរក្នុងផ្សារក្រុងព្រៃវែង ចំនួន ០៣នាក់ រកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពីមានអាការៈសង្ស័យ និងបានយកសំណាកធ្វើតេស្តរហ័ស(Rapid Test)។ បច្ចុប្បន្ន អាជ្ញាធរក្រុង និងសង្កាត់ កំពុងបន្តស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីយកសំណាកមកធ្វើតេស្តរកមេរោគកូវីដ-១៩។

ដើម្បីបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់នូវការចម្លងនៃជំងឺកូវីដ-១៩ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជា ដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ ២០២១២ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការ ផ្អាកបណ្ដោះអាសន្នផ្សារក្រុងព្រៃវែង ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង រយៈពេល ១៤(ដប់បួន)ថ្ងៃ ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ។

រដ្ឋបាលខេត្តព្រៃវែង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករក្នុងផ្សារក្រុងព្រៃវែងទាំងអស់ ដែលធ្លាប់បានប្រាស្រ័យទាក់ទងទាំងផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ និងសូមប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកដើម្បីរកមេរោគកូវីដ-១៩នៅតាមមន្ទីរពេទ្យបង្អែក និងត្រូវធ្វើចត្តាឡីស័ក នៅផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “ ៣ការពារ និង៣កុំ” ។ ក្នុងករណីមានការសង្ស័យ ឬប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្ដៅលើសពី៣៧អង្សា ក្អក កណ្ដាស់ ហៀរ សំបោរ ឈឺបំពង់ក ថប់ៗដង្ហើម… ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរពេទ្យបង្អែក ដែលនៅជិត បំផុត។

អាស្រ័យហេតុដូចនេះ សូម បងប្អូនប្រជាពលរដ្ឋ សាធារណៈជន និងអាជីវករក្នុងផ្សារក្រុងព្រៃវែងទាំងអស់ជ្រាបជាព័ត៌មាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print