ភ្នំពេញ ៖ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីរបស់សាលាខណ្ឌព្រែកព្នៅ ចុះពិនិត្យការជួសជុលចាក់បេតុងពង្រីកផ្លូវលេខ១៥១ ចាប់ពីក្លោងទ្វារវត្តប្រាសាទ ដែលមានប្រវែងប្រមាណ២ពាន់ម៉ែត្រ ទទឹង១២ម៉ែត្រ ជាថវិការរបស់សាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះ លោកសុខ សម្បត្តិ បានផ្តាំផ្ញើទៅដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវជួយសម្រួលចរាចរណ៍ ក្នុងពេលជួសជុលផ្លូវនេះដើម្បីកុំឲ្យមានការកកស្ទះដល់អ្នកធ្វើដំណើរឆ្លងកាត់ទៅមក ព្រោះផ្លូវលេខ១៥១នេះមានសារៈសំខាន់ណាស់ ដោយសារប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មួយចំនួនក្នុងខណ្ឌព្រែកព្នៅ ក៏ដូចជាមកពីបណ្តាខណ្ឌដទៃទៀតក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលតែងតែឆ្លងកាត់ដឹកកសិផលទៅមកតាមផ្លូវនេះរៀងរាល់ថ្ងៃ។ ម៉្យាងវិញទៀតផ្លូវលេខ១៥១នេះតែងតែមានក្រុមអ្នកទេសចរណ៍បរទេស ភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់ទៅលេងនៅរមណីយដ្ឋាននានា មានភ្នំរាប និងរមណីដ្ឋានភ្នំប្រសិទ្ធិផងដែរ។
លោក បន្តថា ជួសមុខអោយប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅទាំងមូល លោកសូមថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ ដែលបានចំណាយថវិកាក្នុងការជួយជួសជុលផ្លូវលេខ១៥១ ហើយការជួសជុលនេះគឺធ្វើតាមដំណាក់កាល ក្នុងនោះដំណាក់កាលទី១នេះមានប្រវែង២០០០ម៉ែត្រ និងដំណាក់ជាបន្តបន្ទាប់ទៀតរហូតជួសជុលចាក់បេតុងពង្រីកផ្លូវលេខ១៥១ អោយហើយទាំងអស់តែម្តងចំនួន១២គីឡូម៉ែត្រ។
ក្នុងនោះផងដែរលោកសុខ សម្បត្តិ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលមានទីលំនៅអមសងខាងផ្លូវមេត្តាជួយថែរក្សាផ្លូវនេះផង ជាពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវហាមដាច់ខាត មិនអោយរថយន្តធុនធំ ឆ្លងកាត់ជាដាច់ខាតដែលអាចធ្វើអោយខូចផ្លូវនេះដូចមុនទៀត។
ជាមួយនេះផងដែរ ប្រជាពលរដ្ឋជាច្រើនដែលមានទីលំនៅអមសងខាងផ្លូវ១៥១ មានសេក្តីត្រេកអរជាខ្លាំង ដែលសាលារាជធានីភ្នំពេញ ក៏ដូចជាសាលាខណ្ឌព្រែកព្នៅដែលបានជួយសម្រួល ក្នុងការជួសជុលផ្លូវ១៥១នេះឡើងវិញ ដើម្បីងាយស្រួលដល់ការធ្វើចរាចរណ៍ ក៏ដូចជាជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលផងដែរ៕
ដោយ ៖ ព្រែកសំរោង