ការប្រកួតបាល់ទាត់ផ្នែកបុរសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនកំពុងដំណើរការប្រកួតបាន២ប្រកួតហើយ។ ក្នុងនោះកាលពីថ្ងៃទី២៥ កក្កដាម្សិលមិញ ក្រុមម្ចាស់ផ្ទះជប៉ុន (U23) បានយកឈ្នះក្រុមម៉ិចស៊ីកូ(U23) ២ទល់១ ខណៈដែលក្រុមខ្លាំងកូរ៉េខាងត្បូង(U23)បានបំបាក់ក្រុមរ៉ូម៉ានី(U23) ៤ទល់០ ក្នុងការប្រកួតដំណាលគ្នានោះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា ក្រុមម្ចាស់ផ្ទះយុវជនជប៉ុនធ្វើបានល្អជាងក្រុមយុវជនម៉ិចស៊ីកូ ដោយបាននាំមុខក្រុមម៉ិចស៊ីកូ២គ្រាប់មុនក្នុងតង់ទី១ គឺនៅនាទីទី៦ រកបានដោយខ្សែប្រយុទ្ធ Kubo និងនៅនាទីទី១២ រកបានដោយកីឡាករ Doan ក្នុងការស៊ុតបាល់ពិន័យ១១ម៉ែត្រ។ ចំណែកក្រុមម៉ិចស៊ីកូវិញរកបាន១គ្រាប់នៅនាទីទី៨៥ ជិតចប់ការប្រកួត ដោយកីឡាករ Alvarado ។
ដោយឡែកក្រុមខ្លាំងយុវជនកូរ៉េខាងត្បូងបានយកឈ្នះក្រុមរ៉ូម៉ានីក្នុងលទ្ធផល៤ទល់០ ដែល៤គ្រាប់របស់ក្រុមកូរ៉េខាងត្បូងរកបាននៅតង់ទី១ មួយគ្រាប់ និងតង់ទី២ បីគ្រាប់។ តង់ទី១គឺជាគ្រាប់បាល់ភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងពីសំណាក់កីឡាករក្រុមរ៉ូម៉ានីនៅនាទីទី២៧ ដោយកីឡាករ Marin ។ ចូលដល់តង់ទី២ ក្រុមកូរ៉េខាងត្បូងបានសម្រុកកាន់តែខ្លាំងរហូតរកបាន៣គ្រាប់បន្ថែមទៀតគឺនៅនាទីទី៥៩ ដោយកីឡាករ Um Won-Sang, នាទីទី៨៤ ដោយកីឡាករ Lee Kang-In ដោយបាល់ពិន័យប៉េណាល់ទី និងនៅនាទីទី៩០ រកបានដោយកីឡាករ Lee Kang-In ដដែល។
លទ្ធផលនេះធ្វើឲ្យក្រុមកូរ៉េខាងត្បូងឡើងទៅឈរលេខ១បណ្តោះអាសន្នក្នុងពូលB មាន៣ពិន្ទុស្មើគ្នាទាំងអស់ក្នុងពូលនេះមានក្រុមហុងឌុយរ៉ាស់, រ៉ូម៉ានី និងណូវែលហ្សេឡង់។ រីឯក្រុមយុវជនជប៉ុនក៏ឡើងមកឈរចំណាត់ថ្នាក់លេខ១ក្នុងពូលA ដែរ ក្រោយពីឈ្នះម្សិលមិញដោយមាន៦ពិន្ទុ តាមពីក្រោយដោយក្រុមម៉ិចស៊ីកូ(៣ពិន្ទុ) និងបារាំង(៣ពិន្ទុ) ខណៈដែលក្រុមអាហ្រ្វិចខាងត្បូងឈរបាតតារាងមិនមានពិន្ទុនោះទេ ក្រោយចាញ់២ប្រកួតជាប់គ្នា។
ក្រុមយុវជនជប៉ុននឹងត្រូវប៉ះក្រុមយុវជនបារាំងនៅថ្ងៃទី២៨ កក្កដាបន្តទៀតក្នុងការប្រកួតវគ្គជម្រុះបញ្ចប់តាមពូលដើម្បីប្រជែងកៅអីទៅកាន់វគ្គ៨ក្រុមចុងក្រោយ។ ចំណែកក្រុមកូរ៉េខាងត្បូងនឹងត្រូវប៉ះក្រុមហុងឌុយរ៉ាស់នៅថ្ងៃទី២៨ កក្កដាដូចគ្នាដើម្បីប្រជែងយក៣ពិន្ទុឡើងទៅវគ្គ៨ក្រុមដែរ ៕
ដោយ៖ ភារៈ (រូបភាព៖ Reuters)