ភ្នំពេញ ៖ ព្រោះតែភ្លើងប្រចណ្ឌដោយសារតែស្រីស្នេហ៍មានសង្សារថ្មី បណ្តាលឲ្យមន្រ្តីបាក់ស័ក្តិបួនកន្លះម្នាក់នៃបញ្ជាការដ្ឋានកងអង្គរក្ស ដកកាំភ្លើងខ្លីបាញ់ផ្អើលអ្នកភូមិ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជាង៨យប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់នារីរងគ្រោះ ក្នុងភូមិសាមគ្គីទី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនបង្កដែលដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិនោះមានឈ្មោះ សុខ ចាន់អិន អាយុ៤០ឆ្នាំ មានឋានន្តរស័ក្តិជាវរសេនីយ៍ទោធ្វើការនៅបញ្ជាការដ្ឋានកងអង្គរក្ស។
សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុគេឃើញបុរសជាជនបង្កហេតុជិះម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ ព្រះសីហនុ 1H-0114 មកអង្គុយផឹកស៊ីនៅក្បែរផ្ទះរបស់នារីជាសង្សារ។ លុះក្រោយមក ស្របពេលដែលបុរសត្រូវជាគូស្នេហ៍ក្រោយ របស់នារីរូបនោះ បាននៅអង្គុយនឹងកន្លែងកើតហេតុនោះដែរ ឃើញដូចនេះបុរសដែលជាជនបង្ក បានផ្ទុះកំហឹងយ៉ាងខ្លាំង។
ក្នុងពេលនោះដែរ នារីរងគ្រោះបានបញ្ជាក់ថា បុរសជនបង្ក តែងតែធ្វើបាបរូបនាង ទើបនាងសុខចិត្តដើរចេញ បន្ទាប់មកបុរសជនបង្ក បានរុញ ហើយច្រានទ្វា នៅតែមិនព្រមរបើក និងកើតទៅជាជម្លោះ ធ្វើឲ្យបុរសជនបង្កបានដកកាំភ្លើងខ្លីម៉ាក អេសស៊ីអាយ (SCI) បាញ់ចំនួនពីរគ្រាប់ បណ្ដាលឲ្យត្រូវរថយន្តរបស់គូស្នេហ៍ថ្មី និងបែកកង់រថយន្តផ្នែកខាងឆ្វេង បន្ទាប់មកបុរសដែលត្រូវជាគូស្នេហ៍ថ្មី បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុឃាត់ខ្លួនជនបង្ក និងបក្សពួក ព្រមទាំងឲ្យជងរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
ជ្រោយពេជ្រ