ខេត្តកោះកុង៖ លោក សំឃីត វៀន សមាជិកគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយសាខា រួមដំណើរជាមួយ លោក ចេង មុន្នីរិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគិរីសាគរ តំណាងឱ្យលោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង នៅថ្ងៃចន្ទ ២រោច ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយខ្យល់កន្រ្ទាក់ ចំនួន ៤៩គ្រួសារ ស្ថិតនៅឃុំព្រែកខ្សាច់ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក សំឃីត វៀន សមាជិកគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់សាខា និងក្រុមការងារបានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា លោក ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែងបង្ករដោយគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ។
លោក បានបញ្ជាក់ថាអំណោយដែលផ្តល់ជូននាពេលនេះគឺជាការចូលរួមបរិច្ចាគពីសប្បុរសជន ទាំងវិស័យរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ដែលមានសម្តេចពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ។
ទន្ទឹមនេះលោក ចេង មុន្នីរិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជានេសាទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្ករឱ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវថែ រក្សាសុខភាព និងមានអនាម័យឱ្យបានស្អាតល្អក្នុងការរស់នៅ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
” ៣កុំ ៣ការពារ ២ចូលរួម”៖
– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
-២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។
សម្ភារដែលសាខាផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គ្រ មី១កេស ត្រីខ១ឡូ ព្រមទាំងស័ង្កសី១៥៦សន្លឹក និងហ្វីប្រូស៊ីម៉ង់៣០៧សន្លឹក ឆ្លើយតបទៅតាមទំហំការខូចខាតរបស់បងប្អូន ក្នុងនោះអនុសាខាស្រុកគិរីសាគរ ក៏បានចូលរួមឧបត្ថម្ភគ្រួសាររងគ្រោះក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន ២០,០០០ រៀល។ដោយឡែកទេយ្យទានប្រគេនវត្តរួមមាន៖ អង្ករ៥០គក្រ មី១កេះ ត្រីខ១ឡូ ទឹកសុទ្ធ១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ព្រមទាំងបច្ច័យប្រគេនវត្តចំនួន ១០ម៉ឺនរៀលផងដែរ ៕ដោយ៖សហការី