​ទីតាំង​អ៊ី​ន​ធើ​ណេ​ត​ សម្បុក​ល្បែងស៊ីសង​ និង​ជម្រក​របស់​អ្នក​ប្រើប្រាស់​ ចែកចាយ​ថ្នាំ​ញៀន​

ចែករំលែក៖

​ភ្នំពេញ​៖​ ទីតាំង​អ៊ី​ន​ធើ​ណេ​ត​ ស្ទើរ​៩៩​ភាគរយ​ទៅ​ហើយ​ ជា​កន្លែង​បើក​ល្បែងស៊ីសង​ និង​ជាទី​ជម្រក​ផ្តល់​មធ្យោបាយ​ឲ្យ​ជនល្មើស​ជ្រកកោន​ក្នុង​ការ​ធ្វើ​សកម្មភាព​ ចរាចរណ៍​ ចែកចាយ​ ប្រើប្រាស់​ថ្នាំ​ញៀន​ ខណៈ​ទីតាំង​អ៊ី​ន​ធើ​ណេ​ត​បើក​បម្រើ​ការ​ក្នុង​រយៈ​២៤​ម៉ោង​លើ​២៤​ម៉ោង​ ។​

​ក្រុម​យុវជន​ភាគច្រើន​ ដែល​គេច​សាលា​ វក់វី​គ្រឿងញៀន​ ក្បត់​ទំនុកចិត្ត​ឪពុក​ម្តាយ​ លួច​ទ្រព្យសម្បត្តិ​ ឆបោក​មិត្តភក្តិ​ ឬ​យក​ម៉ូតូ​បងប្អូន​ទៅ​លក់​ បញ្ចាំ​ ពួក​គេ​ពិតជា​មិន​ទៅ​ណា​ឆ្ងាយ​ពី​ជម្រក​ដ៏​សុខ​សាន​របស់​ពួក​គេ​នោះ​ទេ​ គឺ​ទីតាំង​អ៊ី​ន​ធើ​ណេ​ត​ លេងល្បែង​ក្នុង​ទីនោះ​ផង​ ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ ចរាចរណ៍​ ចែកចាយ​ផង​ ដ៏​ពពាក់ពពូន​ យ៉ាង​អនាធិបតេយ្យ​ ទាំងស្រី​ទាំងប្រុស​ ប្រឈម​ទៅ​នឹង​ការ​ប៉ះពាល់​អនាគត​ដ៏​ថ្លៃថ្លា​របស់​ពួក​គេ​ ប្រសិនបើ​សមត្ថកិច្ច​ និង​អាជ្ញាធរ​ គ្រប់គ្រង​មូលដ្ឋាន​ទាំងនោះ​កំពុង​ឆ្លៀតឱកាស​ប្រមូល​ប្រយោជន៍​ពី​ឈ្មួញ​បើក​របរ​ទុច្ចរិត​នេះ​ ។​

​អ៊ី​ន​ធើ​ណេ​ត​២៤​ម៉ោង​លើ​២៤​ម៉ោង​ ដែល​មាន​ឡូ​ហ្គោ​ សញ្ញា​រូប​សេះ​ និង​អក្សរ​ឡា​តាំង​ B​ បាន​ពង្រាយ​គ្រប់​ទីកន្លែង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​យ៉ាងតិច​ក្នុង​មួយ​ខណ្ឌ​មាន​៣​ទៅ​៥​កន្លែង​ ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​ ជួល​មនុស្ស​ជា​ជើងកាង​ ជួល​អ្នកធំ​ធ្វើ​ជា​ខ្នងបង្អែក​ ចំណាយ​លុយ​រត់ការ​បើក​ទីតាំង​នីមួយៗ​ ចាយ​តាំងពី​ថ្នាក់​មូលដ្ឋាន​ សង្កាត់​ ប៉ុស្តិ៍​ ខណ្ឌ​ និង​ស្ថាប័ន​ជា​ច្រើន​ទៀត​ ដោយសារ​ទីតាំង​អ៊ី​ន​ធើ​ណេ​តរបស់​ពួក​គេ​ មាន​តែ​ច្បាប់​សម្រាប់​បើក​អ៊ី​ន​ធើ​ណេ​ត​ ប៉ុន្តែ​ ពួក​ឈ្មួញ​ទុច្ចរិត​ទាំងនេះ​បាន​បង្កើត​ជា​ល្បែងស៊ីសង​ ដូច​ជា​កាស៊ីណូ​សុទ្ធសាធ​ ចាញ់​ឈ្នះ​ ស៊ីសង​ភ្លាមៗ​ ហើយ​ការ​បើក​អ៊ី​ន​ធើ​ណេ​ត​ គ្រាន់តែ​ជា​រូបភាព​បិទ​បាំង​តែ​ប៉ុណ្ណោះ​ ។​

​ទីតាំង​អ៊ី​ន​ធើ​ណេ​ត​ ដែល​មាន​ឡូ​ហ្គោ​រូប​សេះ​ អក្សរ​ឡា​តាំង​ B​ ច្រើន​ដាក់​ជា​ប្រភេទ​ ៦៨​ណែ​ត​ AA​ 2888,​ 66​ ណែ​ត​ ដាក់​ជា​ច្រើន​កន្លែង​ មាននៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌចំការមន​ ខណ្ឌមានជ័យ​ ខណ្ឌទួលគោក​ ខណ្ឌ​៧​មក​រា​ ខណ្ឌដូនពេញ​ ដោយ​មួយ​ខណ្ឌ​មាន​យ៉ាងតិច​៣​ទៅ​៥​កន្លែង​ ។​ គេ​កំពុង​មាន​ច​ម្ង​ល់​ថា​ តើ​ម្ចាស់​ល្បែងស៊ីសង​ ប្រភេទ​កាស៊ីណូ​ និង​ជាទី​តាំង​ជនល្មើស​ជ្រកកោន​ ចរាចរណ៍​ ចែកចាយ​ ប្រើប្រាស់​ថ្នាំ​ញៀន​ សុទ្ធតែ​ជា​បទល្មើស​ ទាំង​អាជ្ញាធរ​ និង​សមត្ថកិច្ច​ ទទួលយក​នូវ​សេវា​ប៉ុន្មានៗ​ក្នុង​មួយ​ខែ​នោះ​ទេ​ ។​ ជាក់ស្តែង​ ជា​ទូទៅ​ច្រើន​ម៉ោង​២​រំលង​អធ្រាត្រ​ឡើង​ទៅ​ គេ​បានឃើញ​ក្រុម​យុវជន​ ដែល​គ្មាន​អត្តសញ្ញាណ​ និង​មុខរបរ​ពិតប្រាកដ​ ដែល​សម្ងំ​ក្រេប​សេព​គ្រឿងញៀន​ នៅ​តាម​អ៊ី​ន​ធើ​ណេ​ត​នីមួយៗ​ ចេញ​ធ្វើ​សកម្មភាព​ទាំង​ហ្វូងៗ​ វាយ​អ្នកដំណើរ​យក​ប្រាក់​ ទ្រព្យសម្បតិ្ត​ និង​ប្លន់​ម៉ូតូ​ជាដើម​ ។​ នៅ​ក្នុង​ទឹកដី​ខណ្ឌ​ខ្លះ​ មួយ​សង្កាត់​ ឬ​គ្រាន់តែ​ផ្លូវ​តែ​មួយ​ ដាក់​បន្តកន្ទុយ​គ្នា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ អាជ្ញាធរ​មូលដ្ឋាន​ ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត​ ដល់​សេចក្តីសុខ​សង្គម​ ជា​ពិសេស​ បទល្មើស​ ការ​ពង្វក់ស្មារតី​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​នោះ​ ឲ្យ​រង​គ្រោះ​បាត់បង់​អនាគត​ ឪពុក​ម្តាយ​ អាណាព្យាបាល​ខកចិត្ត​ អ្នកខ្លះ​ទុក្ខ​ធំ​ប៉ុន​ភ្នំ​ ដោយសារ​តែ​កូន​មិន​គោរព​តាម​ដំបូន្មាន​ លួច​ទ្រព្យសម្បត្តិ​ សេព​គ្រឿងញៀន​ សេពគប់​ជាមួយ​មិត្តភក្តិ​ សុទ្ធ​តែម​
​នុស្ស​មិន​មាន​អត្តសញ្ញាណ​ច្បាស់លាស់​ ពិសេស​ញៀន​នឹង​ល្បែងស៊ីសង​ ដែល​ទម្លាប់​លាក់ខ្លួន​នៅ​តាម​ទីតាំង​អ៊ី​ន​ធើ​ណេ​ត​នីមួយៗ​ ពោរពេញ​ទៅ​ដោយ​សុវត្ថិភាព​ពួក​គេ​ មាន​អ្នក​យាមកាម​ ដោយសារ​ទីតាំង​ល្បែង​អ៊ី​ន​ធើ​ណេ​ត​នេះ​ ប្រមូល​ប្រភព​សេដ្ឋកិច្ច​ពី​គ្រប់​មជ្ឈដ្ឋាន​ ពិសេស​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ ។​

​ជា​ទូទៅ​ និង​យូរៗ​ម្តង​ អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​តាម​បណ្តា​ខណ្ឌ​នីមួយៗ​ ច្រើន​បង្ក្រាប​ចាប់​ទូ​ហ្គេ​ម​តុក្កតា​ ទូ​ហ្គេ​ម​បាញ់​ត្រី​ វាយ​កម្ទេច​ចោល​ ដោយ​សំអាង​លើ​ហេតុផល​ថា​ ទូ​ហ្គេ​ម​តុក្កតា​ ពង្វក់​ក្មេងៗ​ឲ្យ​ភ្លេច​សាលា​ ដោយឡែក​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ ជា​ប្រភេទ​ល្បែងស៊ីសង​ ខុសច្បាប់​ ដូច្នេះ​ ត្រូវ​តែ​វាយ​កម្ទេច​ចោល​ និង​បង្ហាញ​ជា​រូបភាព​ឲ្យ​ឃើញ​ជា​សាធារណៈ​ ។​ សកម្មភាព​ទាំងនេះ​ ពិតជា​មានការ​គាំទ្រ​ចំពោះ​ឆន្ទៈ​អាជ្ញាធរ​ ដែល​ជា​គណៈ​បញ្ជាការ​ ឯកភាព​ខណ្ឌ​នីមួយៗ​ ប៉ុន្តែ​ការ​មន្ទិល​សង្ស័យ​ ការ​ខកចិត្ត​ចំពោះ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ ឪពុក​ម្តាយ​ អាណាព្យាបាល​ របស់​យុវជន​ ដែល​ក្បត់​ទំនុកចិត្ត​ វក់វី​នឹង​ល្បែងស៊ីសង​ សេព​គ្រឿងញៀន​ បាន​សម្តែង​នូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ត្រង់​ថា​ ហេតុ​អ្វី​ បានជា​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ មិន​ត្រូវ​បាន​គិតគូរ​ទាល់តែ​សោះ​ បង្ក្រាប​ លុប​បំបាត់​ទៅ​លើ​ទីតាំង​បើក​អ៊ី​ន​ធើ​ណេ​ត​បង្កប់​ល្បែងស៊ីសង​ គ្រប់​ប្រភេទ​ និង​ជា​ជម្រក​សម្រាប់​ក្រុម​អ្នក​សេព​ថ្នាំ​ញៀន​ ចរាចរណ៍​ចែកចាយ​ ប្រើប្រាស់​គ្រប់​ប្រភេទ​នោះ​?​ ពិសេស​ ប្រភព​នៃ​បទល្មើស​ បាន​កើត​ និង​ផ្តើម​ចេញពី​ទីតាំង​ល្បែងស៊ីសង​ទាំងនោះ​ ។​ ប៉ុន្តែ​ជា​ទម្លាប់​នៃ​ឈ្មួញ​ទុច្ចរិត​ ពេល​ដែល​ទទួល​បាន​លិខិតអនុញ្ញាត​ឲ្យ​បើក​អ៊ី​ន​ធើ​ណេ​ត​ជា​ប្រភេទ​មិនមែន​ជា​ល្បែង​ ស៊ីសង​ បែរជា​គេ​យក​ទៅ​ធ្វើ​ជា​មធ្យោបាយ​បង្កើត​ល្បែង​គ្រប់​ប្រភេទ​ទៅ​វិញ​ ។​

​នៅ​ក្នុង​ខណ្ឌ​៧​មក​រា​ ជា​ពិសេស​សង្កាត់​វាល់វង់​ មាន​ទីតាំង​អ៊ី​ន​ធើ​ណេ​ត​បើក​ល្បែងស៊ីសង​ជា​ច្រើន​តាម​ផ្លូវ​ធំៗ​ ជា​លក្ខណៈ​ចំហរ​ និង​មាន​អ្នក​សេព​ថ្នាំ​ញៀន​ ចែកចាយ​ យ៉ាង​អនាធិបតេយ្យ​ផង​ដែរ​នៅ​ក្នុង​ទីតាំង​នីមួយៗ​ ពិសេស​ ទីតាំង​អ៊ី​ន​ធើ​ណេ​ត​ ដែល​មាន​យីហោ​រូប​សញ្ញា​សេះ​ និង​អក្សរ​ឡា​តាំង​ B​ អ្នក​មើល​ការ​ខុស​ត្រូវ​ ឬ​អ្នកគ្រប់គ្រង​ គ្រប់កន្លែង​ទាំងអស់​ ដូច​ជា​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ខណ្ឌ​សែន​សុខ​ ខណ្ឌមានជ័យ​ ខណ្ឌចំការមន​ និង​ខណ្ឌ​៧​មក​រា​ នេះ​មិន​ទាន់​ទាំង​រៀបរាប់​ពី​សតិ​បន្ថែម​ទៀត​នៅ​តាម​បណ្តា​ខណ្ឌ​ផ្សេង​ គឺ​ម្ចាស់​ទីតាំង​ ច្រើន​តែ​មាន​អំនួត​មិន​ខ្លាចរអារ​ ជាមួយ​សមត្ថកិច្ច​ថ្នាក់​ក្រោមៗ​ ដោយសារ​គេ​ស្គាល់​យ៉ាងតិច​ និង​ទាប​បំផុត​ចាប់ពី​អធិការ​ ចៅហ្វាយខណ្ឌ​ឡើង​លើ​ មិនដឹង​ថា​ មេ​ល្បែង​ទុច្ចរិត​ទាំង​អស់នេះ​ មាន​ឥទ្ធិពល​ ជះ​ទឹកប្រាក់​ក្នុង​កម្រិត​ណា​ទេ​ ទើប​ពួក​គេ​នៅ​តែ​មានឱកាស​ ក្នុង​ការ​បើក​បន​ល្បែង​ ចិញ្ចឹម​បទល្មើស​ឲ្យ​កើត​មាន​ក្នុង​សង្គម​ ។​

​លោក​ លី​ម​ សុធា​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា​ នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០១៦​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​សង្កាត់​វាលវង់​ ដូច​ជា​គ្មាន​ទេ​ ទីតាំង​អ៊ី​ន​ធើ​ណេ​ត​ល្បែងស៊ីសង​ តែបើ​មាន​ លោក​នឹង​ឲ្យ​មន្ត្រី​ចុះ​ទៅ​មើល​ភ្លាមៗ​ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ជា​ដាច់ខាត​ ។​

​ដោយឡែក​នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ក្នុង​សង្កាត់​កា​កាប​ ឬ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក៏​ដូច​ជា​តាម​បណ្តោយ​ផ្លូវ​២៧១​ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន​ ខណ្ឌមានជ័យ​ ជាមួយនឹង​ផ្លូវជាតិ​លេខ​២​ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ចាក់​អង្រែ​ក្រោម​ គឺ​ឈ្មួញ​ទុច្ចរិត​ហ៊ាន​បើក​ស្ទើរតែ​ជាប់ៗ​គ្នា​ ក្លាយទៅជា​ទីតាំង​ ប្រណាំងប្រជែង​ពាណិជ្ជកម្ម​ផ្នែក​ទុច្ចរិត​ នៃ​ល្បែងស៊ីសង​ ទីតាំង​សេព​គ្រឿងញៀន​ ចែកចាយ​នេះ​ ជាដើម​ ។​ នៅ​ក្នុង​ខណ្ឌដូនពេញ​ មាន​ជា​ច្រើន​កន្លែង​ និង​សម្បូរ​ណ៍​បែប​ ពិសេស​នៅ​ពេល​យប់​ កុំ​ថា​ឡើយ​តែ​យុវជន​ សូ​ម្បី​តែ​ជនជាតិ​បរទេស​ ក៏​បាន​ប្រមូលផ្តុំ​គ្នា​ទៅ​លេងល្បែង​ ទៅ​សេព​គ្រឿងញៀន​ ចែកចាយ​ និង​ជា​រឿង​សាមញ្ញ​សម្រាប់​អាជ្ញាធរ​មូលដ្ឋាន​ ព្រោះ​អាច​ទាញ​យក​ប្រភព​សេដ្ឋកិច្ច​ខ្លះ​ដែរ​ ដើម្បី​ក្រពះ​ ដើម្បី​មធ្យោបាយ​សាំង​ និង​ដោះស្រាយ​ផល​លំបាក​ខ្លះៗ​ សម្រាប់​ការងារ​មូលដ្ឋាន​ ។​ ប្រសិនបើ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ មិន​បា​រិ​ត​បន្តឹង​ ឬ​រឹត​បន្តឹង​ហើយ​ តែ​ថ្នាក់​ក្រោម​ឆ្លៀតឱកាស​ យុវជន​ ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ ប្រឈម​នឹង​គ្រោះថ្នាក់​ ការ​បាត់បង់​អនាគត​ វាយលុក​ដោយ​ថ្នាំ​ញៀន​ បង្កើត​ឲ្យ​មាននូវ​បទល្មើស​ក្នុង​សង្គម​កាន់តែ​ធ្ងន់​មិន​ខាន​ឡើយ ៕​

IMG_2287

IMG_2289

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print