អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី kamala Harris នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនិងសិង្ហបុរី នៅខែសីហាឆ្នាំ២០២១នេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស នឹងមានដំណើរទស្សនកិច្ចទៅកាន់វៀតណាមនិងសិង្ហបុរី ។ ប៉ុន្តែនៅពេលនេះ លោកស្រី មិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ។ ប្រសិនបើអនុប្រធានាធិបតី បំពេញទស្សនកិច្ចទៅកាន់វៀតណាមនៅខែសីហាខាងមុខនេះ គឺជាមន្ត្រីជាន់ខ្ពស់អាមេរិកទីពីរ ហើយដែលបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមក្រោយរដ្ឋមន្ត្រីការពារជាតិ Austin ។ តាមគម្រោងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនឹងទៅកាន់វៀតណាមនៅថ្ងៃទី២៨-២៩ ខែកក្កដា ។
ក្នុងតួនាទីជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Austin ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់អឺរ៉ុបពីរលើកមកហើយដើម្បីពិភាក្សា ជាមួយប្រទេសជាសម្ព័ន្ធមិត្ដ។ រដ្ឋមន្ត្រីការពារជាតិអាមេរិកក៏ធ្លាប់បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ព្រមទាំងឥណ្ឌា ប៉ុន្តែមិនទាន់ទៅកាន់ប្រទេសតំបន់អាស៊ាននោះឡើយ ៕ ដោយ៖ធីរីណា
អនុប្រធានាធិបតីអាមេរិក Kamala Harris ។
(រូបភាព៖Reuters)