ខេត្តព្រះសីហនុះ យោងតាមប្រភព
ព័ត៌មានបានឱ្យដឹងថា កាលពីរសៀលថ្ងៃអង្គារ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកប្រធានពន្ធនាគារ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត និងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត។
ក្នុងដំណើរចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ ស្ថិតនៅខាងក្រោមអគារជំងឺសួតមាន៤បន្ទប់និងអាចដាក់អ្នកជំងឺកូវីដ-១៩ បានរហូតដល់៤០នាក់ ឬអាចលើសនេះ។
ក្នុងឱកាសនោះលោកអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យប្រធានពន្ធនាគារខេត្ត នៅពេលដែលមានពិរុទ្ធជន ឬជនជាប់ចោទធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តដោយទី១-យើងអាចគ្រប់គ្រងសន្តិសុខបានល្អក្នុងការព្យាបាល។ ទី២-កាត់ផ្តាច់ការចម្លងទៅអ្នកទោសដទៃទៀតនៅក្នុងពន្ធនាគារហើយម្យ៉ាងទៀតសកម្មភាពបង្ការទុកជាមុននេះ គឺជាវិធានការដ៏ល្អមួយ សម្រាប់ការគ្រប់គ្រងតាមបទដ្ឋានអ្នកជំងឺកូវីដ មិនបង្កឱ្យឆ្លងទៅអ្នកដទៃ៕
ដោយ៖ អរុណរះ