ខេត្តព្រះវិហារ៖ កម្លាំង នគរបាលស្រុក ជាំក្សាន្ត បានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្នុងករណីរំលោភ ក្មេងស្រី អនីតិជនអាយុ១១ឆ្នាំ បន្ទាប់ពីរត់រត់គេចខ្លួនបាន១ថ្ងៃ។
ការឃាត់ខ្លួនជនសង្ស័យរូបនេះប្រព្រឹត្តទៅនៅ ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង៣៥នាទី ស្ថិតនៅចំណុច ភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
មន្រ្តីនគរបាលស្រុកជាំក្សាន្តបានឲ្យដឹងថា
ជនសង្ស័យ មានឈ្មោះ ហ៊ន រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភាកិច្ច សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង ១២និង៣០ នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មានករណីចាប់រំលោភ ក្មេងស្រីម្នាក់អាយុ១១ឆ្នាំ មានទីលំនៅ ភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ខណ:ជនរងគ្រោះ ទៅឃ្វាលគោ មានគ្នាចំនួន ៣ នាក់។ ពេលជនរងគ្រោះ ដើរទៅដេញគោតែម្នាក់ឯង នៅចំណុចវាលស្រែចំបក់ ចម្ងាយជាង ១ គីឡូម៉ម៉ែត្រ ស្រាប់តែចេញមុខជនសង្ស័យមិនដឹងមកពីណាក៏ចាប់រំលោភនាងបានសម្រេច តែម្តង។ ក្រោយពីចាប់រំលោភរួច ជនសង្ស័យ បានរត់គេចខ្លួនបាត់ រហូតដល់រសៀល ថ្ងៃទី២៨ ខែកក្កដា ជននោះ ត្រូវបានក្មេងរងគ្រោះជួបមុខក៏ប្រាប់សមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះជនសង្ស័យ ត្រូវបាននគរបាល ស្រុកជាំក្សាន្ត បញ្ជូនខ្លួន ទៅស្នងការដ្ឋាននគរបាល ខេត្ត ដើម្បីការិយាល័យជំនាញបន្តអនុវត្ត នីតិវិធី កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូង ខេត្តព្រះវិហារកាត់ទោសតាមច្បាប់៕