ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានថ្មសហការជាមួយកម្លាំងប្រជាការពារសាលាសង្កាត់ស្ពានថ្ម បានចុះបិទទីតាំងដែលលួចបើកល្បែងបញ្ជល់មាន់ តាមonline ស្ថិតនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដោយដកហូតបានសម្ភារមួយចំនួន ។
សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបញ្ជាឱ្យលោកវរសេនីយ៍ត្រី ឈឹម រ៉ា មេប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម ដឹកនាំកម្លាំងមូលដ្ឋានដោយសហការជាមួយលោកចៅសង្កាត់ស្ពានថ្ម រួមនិឹងកម្លាំងប្រជាការពារ ចុះបិទទីតាំងខាងលេី។ នៅពេលចុះទៅបិទទីតាំងនោះកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួននិងនាំខ្លួនម្ចាស់ទីតាំងយកទៅអប់រំ ណែនាំ ឱ្យឈប់បើកលេងល្បែងស៊ីសងតាមអនឡាញយ៉ាងអនាធិបតេយ្យទៀត។
ក្នុងប្រតិបត្តិការខាងលេី សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ទូរទស្សន៍, តុ, កៅអី និងសម្ភារមួយចំនួនទៀតបញ្ជូនទៅកាន់នគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម ដេីម្បីរក្សាទុក រង់ចាំអនុវត្តតាមនីតិវិធីបន្តទៀត ៕
ដោយ ៖ ភារ៉ា ដង្កោ