ភ្នំពេញ៖ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឱ្យដឹងថា កងកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ នៅយប់ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានឃាត់ខ្លួន មនុស្ស០៨នាក់ ដែលប្រមូលផ្តុំគ្នាផឹកស៊ី នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល ១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
សូមជម្រាបថា ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀតផង។ មិនតែប៉ុណ្ណោះអ្នកល្មើសនឹងបម្រាមគោចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ គឺម៉ូតូ២០ម៉ឺនរៀល រថយន្ត១លានរៀល។ នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ដោយគិតពីសុខភាពនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានចេញសេចក្តីសម្រេចបិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដបំប្លែងថ្មីនេះ។ ទេីបរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចបិទបម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខណៈដែលជំងឺនេះបាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ៕ដោយ៖សហការី