ភ្នំពេញ ៖ ពុទ្ធោ! មិនដឹងជាបើករថយន្តក្នុងល្បឿនលឿនប៉ុនណានោះទេ បានជាបុរសសម្នាក់ស្លាប់នៅក្នុងរថយន្ត បន្ទាប់ពីបើករថយន្តបោះពួយជ្រុលទៅបុកបង្គោលភ្លើងថ្មនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោងប្រហែល២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី៣ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងកើតស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមការឱ្យដឹងពីសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ សុន សុភាព ហៅចាវ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើកបររថយន្ត បច្ចុប្បន្នរស់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បើករថយន្តម៉ាកឡិចស៊ីស NX200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-1056 ។
តាមប្រភពបានឲ្យដឹងទៀតថា មុនកើតហេតុគេឃើញរថយន្តខាងលើ បើកបរតែម្នាក់ឯងតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចដោយប្រើល្បឿនលឿន ខណៈ មកដល់ចំណុចកើតហេតុដោយសារផ្លូវកោងក៏បួងចង្កូតមកខាងស្ដាំជ្រុលទៅបុកបង្គោលភ្លើង ហើយជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះបន្តទៀតធ្វើឱ្យរថយន្តដាច់ជាពីរកំណាត់មើលលែងយល់ ឯអ្នកបើកបរគាបជាប់នៅក្នុងរថយន្តស្លាប់តែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញមកដល់ធ្វើើការវាស់វែងរួចយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន។ ដោយឡែកសព ក្រោយយកសំណាកពិនិត្យឃើញអវិជ្ជមានជំងឺកូវីដ-១៩ ក៏បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស សម