ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមាសចំនួន២៩គ្រឿង។ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៣ សីហានេះ សហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាស២២គ្រឿង។
ចិនបានឈ្នះមេដាយមាស២៩គ្រឿង, ប្រាក់១៧ និងសំរិទ្ធិ១៦គ្រឿង ខណៈដែលអាមេរិកឈរលេខ២ ឈ្នះមេដាយមាស២២គ្រឿង, ប្រាក់២៥ និងសំរិទ្ធិ១៧គ្រឿង។ ចំណែកម្ចាស់ផ្ទះជប៉ុនឈរចំណាត់ថ្នាក់លេខ៣ ដោយឈ្នះមេដាយមាស១៧គ្រឿង, ប្រាក់៦ និងសំរិទ្ធិ១០គ្រឿង ហើយអូស្ត្រាលីបានហក់មកឈរចំណាត់ថ្នាក់លេខ៤ ឈ្នះមេដាយមាស១៤គ្រឿង, ប្រាក់៤ និងសំរិទ្ធិ១៥គ្រឿង។
ចំណាត់ថ្នាក់លេខ៥បានទៅលើប្រទេសរុស្ស៊ី ទទួលបានមេដាយមាស១២គ្រឿង ប្រាក់២១ និងសំរិទ្ធិ១៧គ្រឿង រីឯអង់គ្លេសបន្តកាន់កាប់ចំណាត់ថ្នាក់លេខ៦ ឈ្នះមេដាយមាស១១គ្រឿង, ប្រាក់១២គ្រឿង និងសំរិទ្ធិ១២គ្រឿង ។
ប្រទេសនៅតំបន់អាស៊ានជាមួយកម្ពុជា មានការប្រែប្រួលគឺប្រទេសមកពីតំបន់អាស៊ានចំនួន៤ប្រទេសប៉ុណ្ណោះដែលដណ្តើមបានមេដាយក្នុងនោះមានប្រទេសថៃដណ្តើមបានមេដាយមាសលើវិញ្ញាសាតេក្វាន់ដូ, ប្រទេសហ្វីលីពីនដណ្តើមបានមេដាយមាសលើវិញ្ញាសាលើកទម្ងន់១គ្រឿង និងប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ និងសំរិទ្ធិ១គ្រឿង, ប្រទេសម៉ាឡេស៊ីទទួលបានមេដាយសំរិទ្ធិ១គ្រឿង ៕ (រូបភាព ៖ Olympics.com) ដោយ៖ភារៈ