លោក រដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Robert K.Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia ដើម្បីសម្តែងការគួរសម !

ចែករំលែក៖

ភ្នំពេញ, នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោក រដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Robert K.Chelliah នាយកប្រតិបត្តិក្រុមហ៊ុន Lexmin Pty Ltd Cambodia ដើម្បីសម្តែងការគួរសម និងពិភាក្សាលើប្រធានបទស្តីពី ” ការជំរុញការអភិវឌ្ឍផលិតកម្មដំណាំសាកវប្បកម្មសរីរាង្គ និងការផ្តល់ឱកាសឲ្យកសិករអាចទៅបម្រើការក្នុងកសិដ្ឋានចិញ្ចឹមសត្វ បន្លែ និងផ្លែឈើនៅប្រទេសអូស្រ្តាលី ” ។

បន្ទាប់ពីបានទទួលព័ត៌មានសង្ខេបពីលោក Robert K.Chelliah ជុំវិញការងារអាជីវកម្មរបស់ ក្រុមហ៊ុន និងគោលបំណងនៃសំណើជំនួបលោករដ្ឋមន្ត្រីនាពេលនេះ លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាយគមន៍ និងចូលរួមអបអរចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបាន និងជាពិសេសគាំទ្រចំពោះបំណងរបស់លោក Robert K.Chelliah នៅពេលអនាគតនាំយកកសិករកម្ពុជាដែលមានសមត្ថភាព (កាយសម្បទា និងបទពិសោធន៍កសិកម្ម) ទៅបម្រើការនៅក្នុងកសិដ្ឋាននៅប្រទេសអូស្រ្តាលី ដើម្បីពង្រីកសមត្ថភាពរបស់ពួកគេលើបច្ចេកទេសកសិកម្មទំនើប ទាន់សម័យ បន្ទាប់នាំយកត្រឡប់មកវិញនូវរាល់ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃមកអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ ករណីនេះ លោករដ្ឋមន្ត្រីបានលើកសំណើឲ្យក្រុមហ៊ុនពិនិត្យ ពិចារណាចំពោះនិស្សិតកសិកម្មកម្ពុជា ដូចដែលកម្ពុជាបាននិងកំពុងអនុវត្តជាមួយប្រទេសអ៊ីស្រាអែលផងដែរ។

ចំពោះមុខ លោករដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម រៀបចំសេចក្តីព្រាងអនុស្សរណ:នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តាលធនធានមនុស្សដោយចែកចេញជាពីរដំណាក់កាល ៖ ទី១- ជ្រើសរើសកសិករមកធ្វើការបណ្តុះបណ្តាលជំនាញកសិកម្ម ច្បាប់ទម្លាប់ ប្រពៃណី វប្បធម៌ និងភាសាអង់គ្លេសបឋមជាមួយក្រុមហ៊ុនផ្ទាល់ និងទី២- ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលបញ្ជូនកសិករទៅបម្រើការក្នុងកសិដ្ឋាននៅប្រទេសអូស្រ្តាលីតែម្តង។ លោក Robert K.Chelliah បានសម្តែងការគាំទ្រលើសេចក្តីព្រាង MOU នេះ ហើយប្តេជ្ញាចិត្តថា ក្រុមហ៊ុននឹងខិតខំឲ្យអស់ពីសមត្ថភាពក្នុងការនាំយកកសិករកម្ពុជាទៅស្វែងរកបទពិសោធន៍ល្អៗទាក់ទងការអភិវឌ្ឍវិស័យកសិកម្មនៅប្រទេសអូស្រ្តាលីនាពេលអនាគតដ៏ខ្លី។ ឆ្លៀតយកឱកាសនេះ លោកក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបផងដែរថា ថ្មីៗនេះរដ្ឋាភិបាលអូស្រ្តាលីបានប្រកាសបង្កើតកម្មវិធីផ្តល់ទិដ្ឋាការកសិកម្មដែលផ្តល់ឱកាសការងារជូនកសិករមកពីបណ្តាប្រទេសសមាជិកអាស៊ាន។ ក្នុងការត្រៀមខ្លួនជួយកសិករកម្ពុជា ក្រុមហ៊ុនបានធ្វើទំនាក់ទំនងជាមួយម្ចាស់កសិដ្ឋានធំៗនៅប្រទេសអូស្រ្តាលីដើម្បីទទួលយកកសិករកម្ពុជា ជាមួយលក្ខខណ្ឌការងារល្អប្រសើរ ធានាបាននូវការការពារផល ប្រយោជន៍ហិរញ្ញវត្ថុ និងសុខុមារភាពរបស់ពលករស្របច្បាប់ តាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

យោងតាមរបាយការណ៍របស់ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថា ក្រុមហ៊ុនបានិងកំពុងអភិវឌ្ឍកសិដ្ឋានកសិកម្មសរីរាង្គលើផ្ទៃដី ២២ហត នៅតំបន់អភិវឌ្ឍតេជោសែន ក្នុងស្រុកឈូក ខេត្តកំពត។ កសិដ្ឋានបានដាំដំណាំសម្រាប់កែច្នៃជាអាហារបំប៉នសុខភាព ដូចជាម្រុំ ស្លឹកគ្រៃ និងខ្ញីខ្មៅ ដែលផលិតផលទាំងអស់នេះកំពុងមានទីផ្សារខ្ពស់នៅក្រៅប្រទេស។ រាល់បច្ចេកទេសដាំ និងកែច្នៃ ក្រុមហ៊ុនត្រូវវាយតម្លៃ និងទទួលស្គាល់អនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិពាក់ព័ន្ធ រួមមានស្តង់ដារសហគមន៍អឺរ៉ុប អាមេរិក អូស្រ្តាលី កាណាដា។ល។ តាមអ្វីដែល លោក ងិន ឆាយបានជម្រាបជូនលោករដ្ឋមន្រ្តី ថាពិធីចុះអនុស្សរណ:នេះនឹងរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ ដោយនឹងអញ្ជើញឯកអគ្គរដ្ឋទូតអូស្រ្តាលីចូលរួមផងដែរ៕

...


ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print