លោក ឃួង ស្រេង បញ្ជាក់ថា ៖ ការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីក្នុងរយៈពេល៤ថ្ងៃមកនេះពិនិត្យឃើញថា ល្អប្រសើរ តែអស់លោកខាងអាជ្ញាធរនិងសមត្ថកិច្ចត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ចេញនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់៨ខេត្តនិងសេចក្តីសម្រេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញលើវិធានការ រដ្ឋបាលនៃការបិទបម្រាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះធ្វើឡើងក្នុងគោលបំណង តែមួយគត់ គឺដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យជៀសផុតពីជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីដែលតា (DETA) ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ លើកឡើងថា ៖ ការអនុវត្តនូវសេចក្តីសម្រេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា ទាំងកម្លាំងកងរាជអាវុធហត្ថរាជធានី ទាំងកម្លាំងស្នងការដ្ឋាននគរបាលរាជធានី និងអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តការងារនេះបានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មផងដែរ មានន័យថាដល់ម៉ោងអនុវត្តគឺប្រជាពលរដ្ឋមិនមានធ្វើដំណើរលើដងផ្លូវនោះទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះក៏នៅមានចំណុច ចន្លោះប្រហោងមួយចំនួនដែរ ដោយសារតែនៅតាមដងផ្លូវតូចៗ នៅមានប្រជាពលរដ្ឋធ្វើដំណើរនៅឡើយ។ ដូច្នេះលោកសូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ជាពិសេសស្នើឱ្យអាជាធរខណ្ឌទាំង១៤ ធ្វើការណែនាំបន្តឱ្យគណៈបញ្ជាការឯកភាពសង្កាត់ទាំង១០៥បន្តពង្រឹងលើការងារនេះបន្ថែមទៀតដល់ភូមិនិងដល់លំនៅឋានរបស់ប្រជាពលរដ្ឋឱ្យប្រជាពលរដ្ឋលោកចូលរួមឱ្យបានច្រើនសំដៅធ្វើយ៉ាងណាយើងរួមគ្នាឈានទៅផ្តាច់ឫសគល់ជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីដែលតា (DELTA) ឱ្យបាន។
លោកបន្តថា ក្នុងនោះឱ្យប្រជាពលរដ្ឋលោកមើលឃើញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់យើងដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់និងកូនចៅរបស់គាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩គ្រប់គ្នាហើយពួកគាត់ជឿជាក់ទុកចិត្តលើអាជ្ញាធរយើង គាំទ្រយើង។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ការអនុវត្តសេចក្តីសម្រេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញលើវិធានការរដ្ឋបាលនៃការបិទបម្រាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងទាំងអស់ត្រូវអនុវត្តឱ្យបានតឹងរឹងបំផុត ហើយចំពោះអ្នកល្មើសត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងយានយន្តនិងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។ លោកថា ចាប់ពីម៉ោងនេះទៅ មិននិយាយពីការអប់រំទៀតឡើយ ព្រោះវាល្មមដល់ពេលហើយ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈគិតមកដល់ពេលនេះមានរយៈពេល៩ខែហើយ ប្រជាពលរដ្ឋគួរយល់ដឹងហើយ មិនត្រូវល្មើសនោះទេ។
បន្ថែមពីលើនេះទៀត ដើម្បីចូលរួមទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការរីករាលដាលវីរុសប្រភេទថ្មី (ដែលតា) នេះដែរ ។
លោក ឃួង ស្រេង បានស្នើឱ្យគ្រប់មន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ គឺត្រូវដាក់បដា ៣ការពារ ៣កុំនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីបង្ហាញឱ្យឃើញពីការចូលរួមក្នុងការកាត់ផ្តាច់ឫសគល់ជំងឺកូវីដ-១៩ឱ្យបាន៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print