ភ្នំពេញ÷រយៈពេលប៉ុន្មានថ្ងៃនេះ នៅលើបណ្ដញសង្គមហ្វេសប៊ុក បាននាំគ្នាចែករំលែកសារមួយតៗគ្នាថា វីរុសកូវីដ-១៩ ប្រភេទបំប្លែងថ្មី Delta អាចឆ្លងតាមខ្យល់ ។ តើការលើកឡើងនេះត្រឹមត្រូវដែរឬទេ?
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឆ្លើយតបច្បាស់ៗថា វីរុសកូវីដ-១៩ ប្រភេទណាក៏ដោយ ការចម្លងនេះ មិនខុសគ្នានោះទេ ការចម្លងស្ថិតក្នុងរបៀបតែមួយ តាមរយៈដំណក់ទឹកមាត់តូចៗ ទោះបីជាប្រភេទ Alpha Beta Gama ឬ Delta នេះក្ដី ។ ការចម្លងគឺនៅពេលបុគ្គលដែលផ្ទុកវីរុសកូវីដ និយាយ ឬ ក្អក កណ្ដាស ដំណក់ទឹកមាត់តូចៗនោះនឹងខ្ទាតចេញមក ដូចនេះហើយទើបគេតម្រូវឱ្យត្រូវរក្សាគម្លាតយ៉ាងហោចមួយម៉ែត្រកន្លះពីគ្នា ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថែមថា មួយវិញទៀតការសិក្សាស្រាវជ្រាវកន្លងទៅ ដំណក់ទឹកមាត់តូចៗ ដែលមិនមានទម្ងន់ធ្ងន់ វាអាចអណ្ដែតនៅក្នុងលំហ មិនមែនក្នុងខ្យល់ទេ គឺនៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញ-ចូល ដូច្នេះនៅពេលដែលបុគ្គលដើរចូលទៅ ហើយប្រសិនបើមានមិនមានពាក់ម៉ាសទៀតនោះវីរុសទាំងនោះអាចឆ្លងនៅពេលដែលដកដង្ហើមចូល ។
មួយវិញទៀត ប្រសិនបើដំណក់ទឹកមាត់នោះ មានទម្ងន់ធ្ងន់ វានឹងធ្លាក់ទៅប៉ះនឹងផ្ទៃអ្វីមួយនៅក្នុងកន្លែងដែលបិទជិត កន្លែងម៉ាស៊ីនត្រជាក់ជាដើម នៅពេលដែលបុគ្គលដើរចូលទៅហើយទៅប៉ះពាល់នឹងផ្ទៃដែលមានដំណក់ទឹកមាត់តូចៗនោះនាំឱ្យមាន ការចម្លង ។ ដូច្នេះហើយទើបគេតម្រូវឱ្យឧស្សាហ៍លាងដៃ មុននឹងប៉ះពាល់មុខ ឬ ហូបចំណីអាហារ ។
ដូច្នេះមានន័យថា ការចម្លងវីរុសកូវីដប្រភេទណាក៏ដោយ គឺស្ថិតក្នុងរបៀបតែមួយតាម រយៈដំណក់ទឹកមាត់នេះ ។
«វីរុសកូវីដ-១៩ មិនមែននៅក្នុងខ្យល់អាកាសនៅខាងក្រៅនោះទេ សូមកុំយល់ច្រឡំឱ្យសោះ» លោកស្រី ឱ វណ្ណឌីន ថ្លែងថាដោយសារតែការចម្លងគឺ តាមរបៀបនេះហើយ ទើបបានជាគេតម្រូវថា ហេតុអ្វីបាន ជាគេឱ្យពាក់ម៉ាស ? ហេតុអ្វីបានជាគេមិនឱ្យទៅកន្លែងមនុស្សច្រើន? មិនឱ្យទៅកន្លែងបិទជិត? ។ នេះជាចម្លើយបញ្ជាក់យ៉ាងច្បាស់ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ ពីរបៀបដែលវីរុសកូវីដ១៩ ចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ៕
ដោយ៖ សូរិយា