ភ្នំពេញ, លិខិតជូនពរ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ជាទីស្រលាញ់រាប់អាន!
ក្នុងឱកាសដ៏មហាជ័យមង្គលនៃការប្រារព្ធខួបកំណើតគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ នាពេលខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូននូវសព្ទសាធុការពរបវរសួស្តី សិរីមង្គលជូនចំពោះសម្ដេចតេជោ សូមទទួលបាននូវសុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនថែមទៀត។
ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសម្តេច តេជោ ដែលបានដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ទោះបីក្នុងកាលៈទេសៈ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញផែនការអនុវត្ត ជាជំហ៊ានៗ នូវវិធានការផ្នែកសុខាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសបានខិតខំស្វែងរកវ៉ាក់សាំងទាន់ពេលវេលា សម្រាប់ចាក់ជូនប្រជាជនបានគ្រប់ៗគ្នា និងបានឧបត្ថម្ភជាសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងកូវីដ១៩នេះ ដើម្បីជួយសម្រួលដល់បន្ទុកចំណាយរបស់ប្រជាជន ហើយក៏ បានពុះពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
ជាថ្មីម្តងទៀត តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យ គ្រប់ប្រការជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា-បុត្រី ចៅប្រុស-ស្រី ជាទីស្រលាញ់របស់សម្តេច សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ, សុខ ខេមរា