ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមនៅថ្ងៃនេះ ក្រោយពីអតីតម្ចាស់ជ័យលាភីលេខ១ ជំនាន់ទី៧ ឆ្នាំ ២០០៨ គឺលោក កែវ បូរ៉ា បានចេញប្រតិកម្មនូវសារមួយចំនួនអំពីការហួសចិត្តដែលត្រូវបានក្រុមហ៊ុនភេសជ្ជៈមួយហៅប្អូនស្រីរបស់លោកឲ្យថតតាមបែបបង្ហាញ(Review)ពីផលិតផលទឹកក្រូចមួយ ខណៈដែលតម្លៃដែលទទួលបានពីការថតនេះគឺដូរជាមួយនឹងទឹកក្រូចចំនួនមួយកេស។ ករណីមិនស្មានដល់នេះបានកើតមានឡើងក្រោយពីសាររបស់លោកត្រូវបានគេចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុកដោយការហួសចិត្តនោះ។
តារាសម្តែងរូបនេះបានបញ្ចេញសារប្រតិកម្មដោយបានលើកឡើងថា «ហៅReviewទឹកក្រូចឱ្យទឹកក្រូច១កេស» ។ សូមយោបល់ រៀមច្បងសិល្បៈសម័យមុន និងសិល្បៈសម័យនេះជួយផ្តល់យោបល់ម្នាក់មួយម៉ាត់មក ។ មានក្រុមហ៊ុនភេសជ្ជៈមួយបានហៅប្អូនខ្ញុំថត Review ទឹកក្រូចដោយដូរជាមួយទឹកក្រូច ១កេស(ថ្លៃឈ្នួល) តើគួរថតឬមិនគួរ ? សួររបៀបនេះផ្តល់តម្លៃដល់សិល្បៈខ្មែរដែរឬទេ ? បើគេសួររបៀបហ្នឹង អារម្មណ៍យើង ខឹងអន់ចិត្តឬសប្បាយចិត្ត ? ដូចខ្ញុំធ្លាប់និយាយ មកពីមានតួមួយចំនួនថតអត់យកលុយ អញ្ចឹងវាប៉ះពាល់ដល់តម្លៃសិល្បៈខ្មែរ សូមខាងសមាគមសិល្បៈដឹងឮផង។ លុះចុងក្រោយប្អូនខ្ញុំមិនថត ក៏តបវិញបែបខឹងតាមហ្នឹងទៅ ស្រាប់តែមានមនុស្សមួយក្រុមធំចូលខមមិនតិះដៀល គ្រប់បែបយ៉ាង ដោយមិនគិតពីផ្តើមសេចក្តីនៃតម្លៃសិល្បៈឡើយ។បញ្ជាក់ប្អូនខ្ញុំក៏ជាអ្នកសិល្បៈម្នាក់បានការទទួលស្គាល់និងមានការគាំទ្រពីសំណាក់មនុស្សជាច្រើនផងដែរ ។សូមឱ្យតម្លៃសិល្បៈខ្មែរ ។ រាល់ថ្ងៃទាំងខ្ញុំនិងប្អូនខ្ញុំ បានផ្អាកសិល្បៈដោយមូលហេតុចង់ផ្អាកខ្លួនឯង មិនមែនអត់ទីផ្សារ ក៏មិនមែនអត់សមត្ថភាពដែរ មួយវិញទៀតគឺសិល្បៈឥឡូវបន្ទាបបន្ថោកតម្លៃសិល្បៈខ្លាំងពេក។
មានសិល្បករ ផលិតករមួយចំនួនបានចែករំលែក និងបញ្ចេញយោបល់ជាច្រើនជុំវិញការលើកឡើងរបស់លោក កែវ បូរ៉ា ។ បើគេក្រឡេកទៅមើលហ្វេសប៊ុករបស់កញ្ញា Stella ដែលគេស្គាល់ថានាងគឺជាតារាបង្ហាញម៉ូដកូនកាត់ប៊ុលហ្គារីនោះវិញបានលើកឡើងថា “ថាទឹកក្រូចទៅវាធូរថ្លៃបុគ្គលិកធ្វើការនៅក្រុមហ៊ុនទឹកក្រូចនឹងវារឹតតែធូរថ្លៃជាងទឹកក្រូចហ្នឹងទៀតហួសចិត្តតែម្ដងដែលមានអត់សុំរូបថតគេហ្វ្រីុគេអត់ធ្វើឱ្យលើកទ័ពមកជេរខ្ញុំ ចូលមើលទៅសុទ្ធតែបុគ្គលិកក្រុមហ៊ុនទឹកក្រូចវាទាំងអស់ អើយលោកអើយលោកអាណិតណាស់ខំលក់ទៅលោក ខ្ញុំជូនពរឱ្យលក់ដាច់ណា។ សំណាងហើយខ្ញុំនៅទុកមុខមិនបញ្ចេញឈ្មោះប្រេនទឹកក្រូចដ៏ថោកទាបរបស់អ្នកឯងនោះ បគ្គលិកមហាឈ្លើយស្រុះគ្នាល្អណាស់ គ្រាន់តែឯងអត់ធ្វើហ្វ្រីុឱ្យផុសជេរឯងពេញហ្នឹង ថោកនេះគឺថោកមួយក្រុមហ៊ុនតែម្ដង ។ ជួយស៊ែរឱ្យពួកបុគ្គលិកខួរតិចបានឃើញផង ។
ទោះជាយ៉ាងណា នេះគឺជាករណីលើកដំបូងហើយដែលសិល្បករបានបញ្ចេញប្រតិកម្មជុំវិញតម្លៃខ្លួននៃការធ្វើការងារថត ជាថ្នូរនឹងទឹកក្រូចតម្លៃមួយកេសនោះ ប៉ុន្តែក្រុមហ៊ុនភេសជ្ជៈនោះមិនត្រូវបានពួកគេទម្លាយនៅឡើយទេ ថាតើជាក្រុមហ៊ុនមួយណានោះ៕