ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ នៅព្រឹកថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងសម្រាប់កុមារ និង យុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ មានដូចជា ឃុំអូរឧកញ៉ាហេង ឃុំសំរុង ឃុំជើងគោ និង ឃុំទឹកល្អក់ ដែលមានកុមារ និងយុវវ័យមកទទួលវ៉ាក់សាំងជាង ១៤.០០០ នាក់ ។
ក្នុងឱកាសនោះលោក គួច ចំរើន បានសំណេះសំណាលជាមួយអាណាព្យាបាលកុមារ និងយុវវ័យ ត្រូវផ្លាស់ប្តូរទម្លាប់ការរស់នៅដោយត្រូវពាក់ម៉ាស់ រក្សារគម្លាតសុវត្ថិភាព គម្លាតសង្គម ត្រូវឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រោះវ៉ាក់សាំង វាមិនអាចជួយយើងទប់ ស្កាត់ពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់បានទាំងស្រុងនោះទេ វ៉ាក់សាំងជួយយើងបានតែ ៩៣% ប៉ុណ្ណោះ ដូច្នេះយើងត្រូវតែចូលរួមការពារជំងឺកូវីដទាំងអស់គ្នា ដើម្បីចៀសវាងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារ និងសហគមន៍យើង ។
បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវផែនការលម្អិតបន្ថែមឱ្យក្រុមការងារ ក៏ដូចជាក្រុមគ្រូពេទ្យ រៀបចំសណ្តាប់ធ្នាប់ពេលមកទទួលវ៉ាក់សាំង និងពេលត្រឡប់ទៅលំនៅឋានវិញដោយរក្សាគម្លាតសុវត្ថិភាពជាចំបងដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងតាមការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ពិសេសជួយពន្លឿនដល់ការងារចាក់វ៉ាក់សាំងបានកាន់តែលឿនជូនកុមារ និងយុវវ័យរបស់យើង៕ដោយ៖ឆ្លាម សមុទ្រ