មន្ត្រីរដ្ឋាភិបាលនៃសាធារណរដ្ឋឆេក បានប្រកាសថា មានរថភ្លើងពីរគ្រឿងបុកគ្នានៅវេលាម៉ោង៨ព្រឹកថ្ងៃទី៤ ខែសីហា (ពេលវេលាក្នុងតំបន់)។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅភូមិ Milavce ក្នុងទីក្រុង Domazlice ។ សារព័ត៌មានRT បានដកស្រង់ ប្រភពព័ត៌មានពីមន្ត្រីសាធារណរដ្ឋឆេកដែលបានឱ្យដឹងថា ក្នុងគ្រោះថ្នាក់រថភ្លើងបុកគ្នានេះបណ្តាលឲ្យមនុស្ស២នាក់ស្លាប់និង ជាង៥០នាក់រងរបួស។ ការប៉ះទង្គិចគ្នាកើតឡើងរវាងរថភ្លើងដឹកអ្នកដំណើរធម្មតា និឹងរថភ្លើងល្បឿនលឿន Western Express ។ ក្រុមជួយសង្គ្រោះបានបញ្ជូន ឧទ្ធម្ភាគចក្រ៣គ្រឿងទៅកាន់ កន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះបន្ទាន់ ។ អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យបានឱ្យដឹងថា «យើងបានចែកទីតាំងគ្រោះថ្នាក់ទៅជាពីរ ដើម្បីងាយស្រួលជួយសង្គ្រោះ ។ មានមនុស្សរាប់សិបនាក់រងរបួសនៅកន្លែងកើតហេតុត្រូវការបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់»។ នៅលើបណ្តាញសង្គម រដ្ឋមន្ត្រីចរាចរណ៍ឆេកលោក Czech Karel Havlicek បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថាគ្រោះថ្នាក់ខាងលើពិតជាធ្ងន់ ។ លោកក៏បានលុបកាលវិភាគការងារដើម្បីទៅកាន់កន្លែងគ្រោះថ្នាក់ត្រួតពិនិត្យស្ថានភាពផងដែរ៕ដោយ៖ធីរីណា
រូបថត៖Cảnh sát Cộng hòa Czech.