ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នេះ នៅវត្តចាក់អង្រែលើ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍-ជំងឺអេដស៍ ចាស់ជរាមានជីវភាពខ្វះខាតចំនួន ២១គ្រួសារ ក្នុងនោះមកពីសង្កាត់ចាក់អង្រែលើចំនួន ១១គ្រួសារ និងសង្កាត់ចាក់អង្រែក្រោមចំនួន ១០គ្រួសារ។
មានប្រសាសន៍ទៅកាន់លោកតាលោកយាយបងប្អូននាឱកាសនោះ លោក ឌី រ័ត្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមឲ្យលោកតាលោកយាយបងប្អូនទាំងអស់យកចិត្តទុកដាក់គិតគូរពីសុខភាពរក្សាឲ្យបាននូវអនាម័យទាំងការរស់នៅ និងការហូបចុក ជៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀន។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ៥កំប៉ុង ទឹកក្រូច១កេស ឃីត១ក្នុងនោះមាន(មុង១ ភួយ១ ក្រម៉ា១ សារុង១) និងថវិកាមួយចំនួន៕
ដោយ៖ សុខ ខេមរា