អភិបាលខេត្តតាកែវ បន្ដបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទ Johnson ជូនប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនីរោងចក្រ នៅទូទាំងស្រុកកោះអណ្ដែត

ចែករំលែក៖

ខេត្ត​តាកែវ៖ លោក អ៊ូច ភា អភិបាល នៃគណៈអភិ បាលខេត្តតាកែវ រួមជាមួយលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញា ធរពាក់ព័ន្ធ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទ Johnson ជូនបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនីរោងចក្រ ដែលជាជំនួយរបស់ប្រទេសសហរដ្ឋអាមេរិក ផ្ដល់ជូនរាជរដ្ឋា ភិបាលកម្ពុជា។ ដែលពិធីបើកយុទ្ធនាការនេះ ក៏មានការអញ្ជើញចូលរួមដោយ លោក គិន ភក្ដី អភិបាល ស្រុកកោះអណ្ដែត លោកវេជ្ជបណ្ឌិត វង សារ៉ា ប្រធានស្រុកប្រតិបត្តិកោះអណ្ដែត កងកម្លាំងទាំង៣ និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុក ។

លោក អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចបានខិតខំក្នុងការជួយសង្រ្គោះអាយុជីវិត ប្រជាពលរដ្ឋកម្ពុជាឲ្យចាក ផុតពីការលំបាក និងការរស់នៅប្រកបដោយសន្តិសុខ និងសេរីភាព ជាពិសេសការ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយ:ការស្វែងរកវ៉ាក់សាំងមកពីបណ្តាប្រទេសនានា ក្នុងការយកមកចាក់ ជូនប្រជាពលរដ្ឋ បានជាបន្តបន្ទាប់ដោយឥតគិតថ្លៃ។

លោកអភិបាលខេត្ត ក៏បានធ្វើការជម្រាបជូនផងដែរថា នៅពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ សម្រាប់ចាក់ជូនកុមារ និងមកដល់ខេត្តតាកែវ ដូច្នេះសូមមាតាបិតា និងអ្នកអាណាព្យាបាល កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា។

លោក អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល បានមកទទួលការចាក់វ៉ាក់សាំងនៅពេលនេះ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ សូមកុំប្រជៀត និង ដណ្តើមគ្នា គឺត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់បន្ថែមទៀត។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់ វ៉ាក់សាំងរួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវត្រូវអនុវត្តតាមការណែនាំ របស់គ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំង មានប្រសិទ្ធភាពខ្ពស់។ ជាពិសេសចូលរួម អនុវត្តតាមវិធានការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ ៣កុំ និងអនុវត្តសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ឱ្យបានខ្ជាប់ខ្ជួន។

ដោយ​ឡែក​បើ​តាមការបញ្ជាក់ពី លោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត បានឱ្យដឹងថា រដ្ឋបាលស្រុក បានសហការ ជាមួយ ការិយាល័យសុខាភិបាលស្រុក បានរៀបចំទីតាំងចំនួន ៤ទីតាំង សម្រាប់ការចាក់វ៉ាក់សាំង ជូនពលរដ្ឋ ដោយក្នុងនោះមាន មន្ទីរពេទ្យបង្អែកកោះអណ្តែត សាលាបឋមសិក្សាកោះអណ្តែត សាលាបឋមសិក្សាក្រពុំឈូក និងសាលាបឋមសិក្សាព្រៃមេលង ដោយដំណើរការចាប់ពីម៉ោង ០៧​ និង៣០ នាទី រហូតដល់ ម៉ោង៤ល្ងាច ដោយបងប្អូនភ្ជាប់មកជាមួយអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print